ប្រសិទ្ធភាពជីវិត

និពន្ធដោយ ថាច់ ប្រីជា គឿន

បច្ចុប្បន្នខណៈជាពេលសំខាន់
គួរខំរួសរាន់តាំងចិត្តស្មឹងស្មាធិ៍
រស់នៅថ្ងៃនេះកុំបីប្រមាទ
ខិតខំសង្វាតឲ្យទាន់វេលា ។
ថ្ងៃនេះមានម្ដងក្នុងមួយជីវិត
ត្រូវតែតាំងចិត្តខិតខំធ្វើការ
មិនស្រណោះថ្ងៃម្សិលដែលអសារ
មិនអន្ទះសាស្រវាថ្ងៃស្អែក ។
ការកំពុងធ្វើជាកិច្ចសំខាន់
ធុរៈបន្ទាន់កុំបីអល់អែក
ធ្វើឲ្យប្រណីតកុំចាំថ្ងៃស្អែក
លទ្ធផលល្អឯកព្រោះមានឆន្ទៈ ។
អ្នកនៅចំមុខជាមនុស្សសំខាន់
គប្បីបន្ទន់ចិត្តដាក់មានៈ
មិនឈ្លោះទាស់ទែងខ្វែងយកតែឈ្នះ
ព្រោះថាមរណៈមានគ្រប់អង្គា  ។
សាងអំពើល្អជូនពរដល់អ្នក
ដែលបានជួបភ័ក្ត្រគ្រប់ពេលវេលា
ផ្សាយចិត្តមេត្ដាដល់មនុស្សគ្រប់គ្នា
ជីវិតពិតជា “រស់នៅមានន័យ” ៕

ថ្ងៃសុក្រ ៤ រោច ខែមាឃ ឆ្នាំមមែ សប្ដស័ក ព. ស. ២៥៥៩
២៦ ខែកុម្ភៈ គ. ស. ២០១៦

bro-sitha-pheap-chivit

Leave a Reply