ខេត្តព្រះត្រពាំង

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ទិដ្ឋភាពខេត្តព្រះត្រពាំង ។

ព្រះត្រពាំង ជាខេត្តមួយ នៅជាប់ នឹងទន្លេនៃ តំបន់វាលទំនាប នៃទន្លេមេគង្គដែនដីកម្ពុជា ក្រោម។ មជ្ឈមណ្ឌល សំខាន់របស់ខេត្តគឺ ទីរួមខេត្តព្រះត្រពាំង ឋិតនៅ លើផ្លូវជាតិលេខ ៥៣ ចម្ងាយពីទី ក្រុងព្រៃនគរ ២០០ គីឡូម៉ែត្រ និងពីទីក្រុងព្រែកឫស្សី ១០០ គីឡូម៉ែត្រ ។

ទីតាំងភូមិសាស្ត្រ៖

ទិសខាងកើត និង ទិសអាគ្នេយ៍ជាប់ នឹងឈូង សមុទ្រចិន ប្រវែងប្រមាណ ៦៣ Km ទិសខាង លិច និងនីរតី ជាប់នឹងខេត្តឃ្លាំង ដែលមានទន្លេ បាសាក់ជាព្រំប្រទល់ (ប្រវែងប្រមាណ ៦០ Km) ទិសខាងជើង និងពាយព្យជាប់ព្រំប្រទល់ នឹងខេត្តលង់ហោរ ចំណែកទិសខាងជើង និង ឦសានជាប់ព្រំប្រទល់នឹងខេត្តកំពង់ឫស្សី ។

ផ្ទៃដី៖

ខេត្តព្រះត្រពាំង មានផ្ទៃដីសរុប 2.215,15 km² ស្មើនឹង 221.515,03 ha (រង្វាស់ឆ្នាំ ២០០៣) ។

រដ្ឋបាលភូមិសាស្ត្រ៖

ខេត្តព្រះត្រពាំង បច្ចុប្បន្នត្រូវបាន រដ្ឋាភិបាលវៀតណាម បែងចែកជា ៨ ស្រុក និង ខ័ណ្ឌ ក្នុងនោះរួមមាន ទីរួមខេត្ត និង ស្រុកទាំង ៧ ។ ក្នុងទីរួមខេត្ត និង ស្រុកទាំង ៧ នេះ មាន ៩៤ ឃុំ/ សង្កាត់ និង ទីរួមស្រុក ។

ស្រុកទាំង ៧ រួមមាន៖

  • ស្រុកកន្លង់ (Càng Long)
  • ស្រុកកំពង់ធំ (Châu Thành)
  • ស្រុកកំពង់ស្ពាន (Cầu Kè)
  • ស្រុកកញ្ចោង (Tiểu Cần)
  • ស្រុកថ្កូវ (Trà Cú)
  • ស្រុកផ្នោដាច់ (Cầu Ngang)
  • ស្រុកមាត់សមុទ្រ (Duyên Hải)
  • ទីរួមខេត្ត (Thị Xã)

ប្រជាជន៖

យោងតាមសព្វាវចនាធិប្បាយ (Wikipedia) ជាភាសាយួន បានផ្សាយថាស្ថិតិឆ្នាំ ១៩៧១ ខេត្តព្រះត្រពាំងមានប្រជាជន ចំនួន ៤១១.១៩០ នាក់ ។

ស្ថិតិ ឆ្នាំ ២០០០ ប្រជាជនត្រូវបានកើនឡើងដល់ ៩៧៣.០៦៥ ។

នៅលើផ្ទៃដីខេត្តព្រះត្រពាំង មានប្រជាជនចំនួន ២៩ ជនជាតិផ្សេងពីគ្នា ប៉ុន្តែប្រជាជនដែលច្រើនជាងគេនោះ គឺ ជនជាតិខ្មែរ ។

ប្រជាជនខេត្តព្រះត្រពាំង មាន ៥,៩៩% នៃតំបន់វាលទំនាបទន្លេមេគង្គ (តាមជំរឿនឆ្នាំ ២០០០ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន) ក្នុងនោះ ៨៧ % រស់នៅតាមតំបន់ជនបទ និងកំណើនប្រជាជននៅឆ្នាំ ២០០០ គឺ ១,៦៥ ។

តាមសព្វាវចនាធិប្បាយសេរី (Wikipedia) ដដែលបានបញ្ជាក់ថា ខេត្តព្រះត្រពាំង គឺជាមូលដ្ឋាននៃការរស់នៅ ជាយូរមកហើយ របស់ជនជាតិដើមខ្មែរក្រោម ដែលមានខឿនវប្បធម៌របស់ ជនជាតិ នេះជានិម្មិតរូបដូចជា ភាសា ,អក្សរ , មុខម្ហូប និងជាពិសេស គឺវត្តអារាមគឺជានិម្មិតរូបដ៏សំខាន់ជាងគេ ។

ប្រវត្តិសង្ខេប៖

ខេត្តព្រះត្រពាំងពីមុនគឺជាស្រុកមួយ នៃខេត្តលង់ហោរ ដែលគេហៅថា ស្រុកព្រះត្រពាំង ។ ពេលដែលខ្មែរក្រោមឋិត នៅក្រោម ការគ្រប់គ្រងរបស់ស្តេចយួនត្រកូលង្វៀង (Nguyễn) ខេត្តព្រះត្រពាំង គឺជាស្រុកមួយ នៅក្នុងខេត្តឡង់ហោរ (ត្រូវបានបង្កើតឡើង នាឆ្នាំ ១៨៣២ )។ ឆ្នាំ ១៨៧៦ បារាំងបានចែកខេត្តលង់ហោរចេញជា ៣ និគម គឺ លង់ហោរ, ព្រះត្រពាំង និង កំពង់ឫស្សី ។

ខេត្តព្រះត្រពាំង ត្រូវបានបង្កើតឡើងនៅតាមអនុក្រិត្យ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហភាពឥណ្ឌូចិន ឈរនៅលើ មូលដ្ឋានប្តូរឈ្មោះពីនិគមទៅជាខេត្តវិញ ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ ។ ដូច្នេះ ខេត្តព្រះត្រពាំង គឺជាខេត្តមួយក្នុងចំណោម ២០ ខេត្តនៅកម្ពុជាក្រោមនាពេលនោះ ។នៅក្នុងសម័យអាណានិគមនិយមបារាំងខេត្ត ព្រះត្រពាំង មាន ៨ ស្រុក គឺ កំពង់ស្ពាន, ផ្នោរដាច់ និង ស្រុកកន្លង់ (ពីមុនឋិតនៅក្នុងខេត្តព្រែកឫស្សី ក្រោយមក បានដាក់បញ្ចូលទៅក្នុងខេត្តលង់ហោរ និងបន្ទាប់មកទៀត បានដាក់បញ្ចូលទៅក្នុងខេត្តព្រះត្រពាំងរហូតដល់សព្វថ្ងៃ) ស្រុកកំពង់ធំ, ស្រុកកញ្ចោង ,ស្រុកថ្កូវ, ស្រុកត្រពាំង ឈូក (Long Tòan) (ឥឡូវនេះបានក្លាយជាស្រុកមាត់សមុទ្រ) ចំណែកស្រុកកំពប់តែអុង ឫ ស្រុកតាឱន (Trà Ôn) មួយទៀត ត្រូវជា ៨ (សព្វថ្ងៃ ស្រុកកំពប់តែអុងត្រូវបានឋិតនៅក្នុងខេត្ត លង់ហោរ វិញ ) ។

ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥១ គណៈកម្មាធិការរណសិរ្សរដ្ឋបាលភាគខាងត្បូង (Ủy ban Kháng chiến Hành chính Nam Bộ) នៃរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតយួន (Việt Nam Dân Chủ Cộng Hòa ) បានដាក់បញ្ចូលខេត្តទាំងពីរគឺខេត្តលង់ហោរ និង ខេត្តព្រះត្រពាំង ឲ្យក្លាយទៅជាខេត្តថ្មីមួយទៀតឈ្មោះថា ខេត្តវិញត្រា ( Vĩnh Trà) ។ ពេលនោះ ស្រុកកញ្ចោង ត្រូវបាន ដាក់បញ្ចូលទៅក្នុងស្រុកកន្លង់ វិញ ។ ខេត្តវិញត្រាដែលយួនបានបង្កើតថ្មីនៅពេលនោះ ត្រូវបានតាំងនៅរហូតដល់ឆ្នាំ ១៩៥៤ ។ រដ្ឋាភិបាលសាធារណរដ្ឋ (Việt Nam Cộng Hòa) បានប្តូរឈ្មោះខេត្តព្រះពាំង (Trà Vinh) ទៅជាខេត្តវិញបិញ (Vinh Bình) តាមសេចក្តីបញ្ជាលេខ 143-NV របស់ប្រធានាធិបតី ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ។

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលរណសិរ្សរំដោះប្រជាជនយួនខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Việt Nam) ដែលក្រោយមក បានក្លាយជារដ្ឋាភិបាលបណ្តោះ អាសន្ន សាធារណរដ្ឋយួនខាងត្បូង (Cộng Hòa Miên Nam Việt Nam) និង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតយួនខាងជើង មិនព្រមទទួលស្គាល់ឈ្មោះខេត្តវិញត្រាឡើយ ពួកគេ នៅតែហៅ ឈ្មោះខេត្តព្រះត្រពាំង (Trà Vinh) ដដែល ។

ផែនទីខេត្តព្រះត្រពាំង ។

ខែកុម្ភៈ ឆ្នាំ ១៩៧៦ រដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាម បានរាប់បញ្ចូលខេត្តព្រះត្រពាំង និងខេត្តលង់ហោរ ឲ្យក្លាយទៅជា ខេត្តមួយទៀតឈ្មោះថា ខេត្តមេគង្គ (Cửu Long) និងរហូតដល់ថ្ងៃទី ២៦ ខែ ១២ ឆ្នាំ ១៩៩១ ត្រូវបានបែងចែកខេត្តចេញឲ្យនៅដូចដើមវិញ ។ ពេលបានចែកខេត្ត យើងឃើញថា ខេត្ត ព្រះត្រពាំងមានថ្ទៃដី ២៣៦៣,០៣ គីឡូម៉ែត្រការ៉េ និងប្រជាជនមាន ៩៦១. ៦៣៨ នាក់ ដោយមានរដ្ឋបាលភូមិសាស្ត្រ ដូចសព្វថ្ងៃនេះ ។

ប្រវត្តិដែលនាំឲ្យប្រជាពលរដ្ឋខ្មែរក្រោមហៅខេត្តនេះថា «ព្រះត្រពាំង» នោះមានលំនាំដើមទងដូចខាងក្រោម ៖

ឈ្មោះ «ព្រះត្រពាំង» បានកកើតឡើងដំណាល នឹងអាយុកាលនៃការកសាង វត្តពោធិសាលរាជ ហៅ វត្តកំពង់ ឋិតនៅក្ នុងទីរួមខេត្តព្រះត្រពាំង ដែលបានកសាងនៅ គ.ស. ៦៤២ ។

ពីមុនវត្តពោធិសាលរាជ (កំពង់) ឋិតនៅខាងលិចវត្តកំពង់ ដែលមានទីតាំងនៅក្នុងព្រលានបាលទាត់ ខេត្តព្រះត្រពាំង សព្វថ្ងៃ ។ ក្រោយមកវត្តពោធិសាលរាជ (កំពង់) ចាស់ ក៏បានរើមកកសាង នៅកន្លែង ថ្មី ដែលមានទីតាំងឋិតនៅកន្លែងសព្វថ្ងៃនេះវិញ ។

មូលហេតុដែលនាំឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរក្រោម ឯកច្ឆ័ន្ទរុះរើវត្តកំ ពង់ពីកន្លែងចាស់ មកសាងសង់ត្រង់កន្លែងថ្មីនោះ គឺមាន រឿងដំណាលថា មានព្រះពុទ្ធបដិមាឈើមួយអង្គ បានផុសពី ត្រពាំងមួយ នៅក្បែរវត្តវត្តពោធិសាលរាជ (កំពង់) បច្ចុប្បន្ននេះ។ ពេលពលរដ្ឋខ្មែរក្រោម បានឃើញព្រះពុទ្ធបដិមាដែលបានផុសឡើងនោះ ក៏បាននាំគ្នាទៅទូលព្រះតេជព្រះគុណព្រះ ឧបជ្ឈាយ៍ ព្រះនាម មាស មកដើម្បីស្រង់ឡើង តែស្រង់មិនបានឡើយ ។ លុះពេលយប់ ព្រះឧជ្ឈាយ៍ ថាច់ មាស សឹងសុបិនឃើញគេពន្យល់ថា សូមឲ្យ ខ្លួនព្រះអង្គ យកអម្បស់ ៩ សរសៃទៅ អូសឡើងទើបបាន ។ ក្រោយពីបានឃើញសុបិនយ៉ាងនេះ ព្រះឧជ្ឈាយ៍ព្រះ នាម មាស ក៏ទ្រង់នែនាំឲ្យពុទ្ធរិស័ទធ្វើតាមការពន្យល់នៃសុបិននិម្មិតរបស់ព្រះអង្គ ។ ពេលព្រះអង្គនិងពុទ្ធបរិស័ទអូសព្រះពុទ្ធបដិមា ឡើងលើដីទួលមកដល់ទីតាំងវត្តពោធិសាលរាជ (កំពង់) សព្វថ្ងៃនេះ ស្រាប់តែដាច់ខ្សែអម្បស់ទាំង ៩ សរសៃនោះតែម្តង ។ ព្រះឧជ្ឈាយ៍ព្រះនាម មាស និងពុទ្ធបរិស័ទក៏សម្រេច កសាងវត្តកំពង់នៅចំកន្លែងដែលដាច់ខ្សែនោះតែម្តង ដើម្បីធ្វើការគោរពបូជាចំ ពោះព្រះពុទ្ធសាសនា និងជាប្រយោជន៍សម្រាប់កូនចៅខ្មែរបួសរៀន និងប្រតិបត្តិធម៌អាថ៌ សិក្សាអក្សរសាស្ត្រខ្មែរ តាមប្រពៃណី ជាតិតរៀងមក ។

វត្តដែលបានកសាងនោះ មានឈ្មោះជាភាសាបាលីថា វត្តពោធិសាលរាជ និងភាសាខ្មែរគេនិយមហៅថា វត្តកំពង់ ។ ចំណែកជនជាតិយួនវិញបាននាំគ្នាហៅ ឈ្មោះ វត្តកំពង់ ថា ជួអុងមាឃ (Chùa Ông Miệt) ប្រែថា វត្តរបស់តាមាស ។

រឿងព្រះពុទ្ធរូបផុសពីត្រពាំងនេះហើយ បានជាពលរដ្ឋខ្មែរក្រោមនាំគ្នាហៅឈ្មោះខេត្តថា «ព្រះត្រពាំង» ជារៀងរហូត មកដល់ សព្វថ្ងៃនេះ ។

ចំពោះប្រជាពលរដ្ឋខ្មែរក្រោម អ្នកដែលនៅជាយខេត្ត ព្រះត្រពាំង វិញ ពេលធ្វើដំណើរទៅផ្សារខេត្ត គេមិននិយមហៅថាទៅផ្សារព្រះត្រពាំង ទេ គេហៅថាទៅ ផ្សារកំពង់ រហូតមក ដល់សព្វថ្ងៃនេះ ។

វប្បធម៌៖

ខេត្តព្រះត្រពាំង គឺជាខេត្តជង្រុកនៃវប្បធម៌ដ៏សម្បូរបែប របស់ជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោម ។ ខ្មែរក្រោមសរសេរអក្សរខ្មែរ ដាច់ដោយឡែកពីជនជាតិ កិញ (Kinh) ឬ ជនជាតិយួន ជាអាណានិគមជន និងមានពិធីបុណ្យប្រពៃណីនិងសាសនា ដ៏សំខាន់ នៅក្នុងសង្គម ដូចជាពិធីបុណ្យចូលឆ្នាំថ្មី (១៤ _ ១៥ _១៦ ខែមេសា) , ពិធីបុណ្យសែនដូន តា ( បុណ្យភ្ជុំបិណ្ឌ) , បុណ្យអកអំបុក សំពះព្រះខែ លយប្រទីប ប្រណាំងទូក ង , បុណ្យកឋិនទាន និង ពីធីសង្ឃចូល ចេញវស្សា នៅតាមវត្តអារាមជាដើម ដែលមាន តម្លៃមិនអាចកាត់ថ្លៃបាន ។

ក្រៅពីមានពិធីបុណ្យទានប្រពៃណីផ្សេងៗនៅក្នុងសង្គមខ្មែរក្រោម នៃខេត្តមួយនេះ វត្តអារាមដ៏បុរាណមានចំនួន ១៤១ គឺជានិមិ្មតរូប និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់បង្ហាញដល់មតិជាតិ និង អន្តរជាតិឲ្យបានដឹងពីអត្តសញ្ញាណជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោម ។

វត្តអារាមព្រះពុទ្ធសាសនាខ្មែរ៖

ខេត្តព្រះត្រពាំងមាន ១៤២ វត្ត ក្នុងនោះស្រុកនីមួយរួមមាន៖

  • ស្រុកកំពង់ស្ពាន ២២ វត្ត
  • ស្រុកថ្កូវ ៤៤ វត្ត
  • ស្រុកផ្នោដាច់ ២៣វត្ត
  • ស្រុកកញ្ចោង ១៥ វត្ត
  • ស្រុកកន្លង់ ០៤ វត្ត
  • ស្រុកកំពង់ធំ ១៦ វត្ត
  • ស្រុកមាត់សាមុទ្រ ០៧ វត្ត
  • ទីរួមខេត្ត ១១ វត្ត

រមណីយដ្ឋាន៖

សារមន្ទីរជនជាតិខ្មែរ នៅខេត្តព្រះត្រពាំង ( Bảo Tàng Dân Tộc Khmer tỉnh Trà Vinh) ៖

សារមន្ទីរនេះ មានទីតាំងឋិតនៅចំមុខវត្តអង្គររាជបូរី (អង្គ) និងក្បែររមណី យដ្ឋានស្រះគូ ។

ពេលឈានជើងចូលទស្សនា សារមន្ទីរនេះ យើងនឹងបានឃើញនូវវត្ថុបុរាណជាច្រើន ដែលដូនតាខ្មែរ នៅក្នុងខេត្តព្រះត្រពាំងបាន បន្សល់ទុកមក ដូចជា ឈ្នាង , កញ្ជើ, ត្បាលកិនស្រូវ, កណ្តៀវច្រូតស្រូវ, រហាត់បាចទឹក និង សម្លៀកបំពាក់ខ្មែរពីបុរាណជាដើម ។ ក្រៅពីវត្ថុបុរាណទាំងនេះ ក៏មានតាំងពិពណ៌រូបភាពក្រុមសិល្បះរស្មីប្រទីប នៃ ខេត្តព្រះត្រពាំង ផងដែរ ។

រមណីយដ្ឋានស្រះគូ ឬគូស្រះស្រី៖

រមណីយដ្ឋានស្រះគូ ឬគូស្រះស្រីជារមណីយដ្ឋានប្រវត្តិសាស្ត្រ របស់ជនជាតិដើមខ្មែរក្រោម ដ៏ល្បីល្បាញនៅខេត្តទឹកដីខេត្តព្រះត្រពាំង ។ ស្រះគូមានទីតាំងឋិតនៅក្នុងក្រុមទី ៣ សង្កាត់ ទី ៨ ទីរួមខេត្តព្រះត្រពាំង (ដែលពីមុនឋិតនៅក្នុងភូមិតាគូ ឃុំសម្បួរ ស្រុកកំពង់ធំ ) ចម្ងាយពីផ្សារកំពង់ ប្រមាណ ៧ Km តាមបណ្តោយផ្លូវជាតិលេខ ៥៣ ឆ្ពោះទៅទិសនីរតី ។ ស្រះគូមានរាងបួនជ្រុងទ្រវែង ស្ទឹងប្រវែង ៣០០ ម៉ែត្រ បណ្តោយ ប្រវែង ៥០០ ម៉ែត្រ (ប្រហាក់ប្រហែលនឹងរាងបួនជ្រុង) បានជាជនជាតិយួនហៅថា «អាវយ៉ួង» (Ao Vuông) ប្រែថា »ស្រះបួនជ្រុង» ។ ស្រះមានទឹកថ្លាយង់ រំលេចដោយផ្កាឈូក និងព្រលិតលំចង់ជាលម្អ គួរឲ្យ ទស្សនា ។ ជុំវិញស្រះគឺដើមឈើទាលធំៗមាន អាយុកាលរាប់សតវត្សរ៍ ហើយអ្វីដែលអស្ចារ្យនោះ គឺឫសឈើទាល បានដុះ នៅលើដីខ្ពស់ផុតជំហរ មនុស្សក្រោយពីអាចម៍ដីបានហូរ ពេលដែលមានភ្លៀងបន្តិចម្តងៗជាច្រើនឆ្នាំខែមកនោះ ។

បច្ចុប្បន្នស្រះគូ គឺជាកន្លែងសម្រាប់លំហើយអារម្មណ៍របស់ភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ដែលបានមកទស្សនាកំសាន្ត ជារៀងរាល់ថ្ងៃ ។ ជាពិសេសស្រះគូ គឺជាកន្លែងដែលគូសង្សារ តែងតែណាត់គ្នា ដើម្បីសាសងផ្តោះផ្តងស្នេហា និងជាកន្លែង ដែលគូ ស្វាមីភរិយាទើបតែរៀបការថ្មីមកថតរូប និងវីដេអូទុក ជាកម្រងអនុស្សាវរីយផងដែរ ។

នៅក្បែរស្រះគូ គឺមានវត្តអង្គររាជបូរី (អង្គ)ដែលបានកសាងកាលពី គ.ស. ៩៩០ ។

ឆ្នាំ ១៩៩៦ នៅជុំវិញបរិវេណវត្តអង្គររាជបូរី (អង្គ) មានសារមន្តីរជនជាតិខ្មែរ និងស្រះគូជាដើម ត្រូវបានក្រសួងវប្បធម៌ឃោសនាការ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ទទួលស្គាល់ជាផ្លូវការថា ជាបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ថ្នាក់ជាតិ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s