គដល់ស្លាប់

(កំណាព្យមេពាក្យ ៩)

មើលមាឌហំធំរលើបរលង់ស្រិល
គ្មានកង្វល់និមលឈរកំដរផ្លួវ
មើលសម្បកដក់ស្នេហ៍ស្និទ្ធគិតនិត្យនៅ
តែចិត្តពៅអាស្រូវពិតឥតខ្លឹមក្នុង ។
ឈរមាត់ច្រកដកដង្ហើមពុំចេញស្តី
ដូចចំណងចងមាត់ស្រីថ្លៃអនង្គ
ឲ្យធ្វើ«គ»ឈរហាលខ្យល់ដល់ថ្លៃថ្លង់
ហៅព្រលឹងសឹងតែស្លាប់ស្តាប់មិនឮ ។
តើអ្នកណាបញ្ជាមក៍ឲ្យឈរធ្មឹង
ឈរខួបប្រាំងទាំងភ្លៀងខ្យល់មិនខ្វល់ឈឺ
«គ»យូរហើយឈ្មមត្រាណត្រើយឆ្លើយបំភ្លឺ
ឲ្យបានឮបំភ្លឺជាតិឃ្លាតមរណា ។
ទោះព្រលឹងធ្មឹងមិនស្តីពីការពិត
ដែលវរមិត្តគិតសញ្ជប់កប់ចិន្តា
គង់ស្លាប់«គ»តកូនចៅពង្សាវតារ
ធ្វើម្តេចទៅពៅកនិដ្ឋាជាពូជ «គ» ៕

ថ្ងៃចន្ទ ១៥ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៤ (១៨ មេសា ២០១១)

kor

កំណត់សម្គាល់៖
*ធ្មឹង ( កិ. វិ. ) នៅស្ងៀមមិនស្ដី, ទ្រមឹង : អង្គុយធ្មឹង, ឈរធ្មឹង ។
*បំភ្លឺ ( កិ. ) ធ្វើឲ្យភ្លឺ គឺអុជភ្លើង, លើកភ្លើង, ទ្រោលភ្លើងឲ្យភ្លឺ ឬនិយាយពន្យល់ឲ្យភ្លឺគំនិតប្រាជ្ញា ។ (ព. ប្រ.) បំភ្លឺជាតិ គឺញ៉ាំងជាតិរបស់ខ្លួនឲ្យភ្លឺ ឲ្យប្រព្រឹត្តទៀងត្រង់ ឲ្យកាន់សុចរិតយុត្តិធម៌ (ព. ផ្ទ. បំព្រៃជាតិ) ។ បំភ្លឺប្រទេស គឺធ្វើប្រទេសរបស់ខ្លួនឲ្យភ្លឺលូតលាស់ចម្រើន ឲ្យរុងរឿង ឲ្យថ្កើងថ្កាន (ព. ផ្ទ. បំព្រៃប្រទេស) ។ បំភ្លឺលោក គឺញ៉ាំងលោកឲ្យភ្លឺ ឲ្យរុងរឿង ឲ្យប្រកបដោយសុចរិតយុត្តិធម៌, ឲ្យបានសុខស្ងប់ : អ្នកប្រាជ្ញទាំងឡាយ ជាមនុស្សបំភ្លឺលោក; ព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយ ជាអ្នកបំភ្លឺលោក ខាងការពន្យល់ឲ្យសត្វលោករាវរកធម៌ ដើម្បីរំលត់ទុក្ខឃើញ ។ល។ ព. ផ្ទ. មនុស្សបំព្រៃលោក, ពាល ។
*មរណា (អានថាៈ មៈរៈណា ឬ ម-រៈនា) ( ន. ) (ពហុ. របស់ មរណ) សេចក្ដីស្លាប់ (ព. កា.) ។ មរណាភិប្រាយ ដំណើរចង់ស្លាប់, ការតាំងចិត្តនឹងសម្លាប់ខ្លួន (ម. ព. អភិប្រាយ ផង) ។ មរណាសន្នកម្ម (មៈរៈណាសន់-ន៉ៈក័ម) អំពើ (ល្អឬ អាក្រក់) ដែលធ្វើក្នុងកាលជិតស្លាប់ ។ មរណាសន្នកាល (មៈរៈណាសន់-ន៉ៈ–) កាលឬវេលាជិតស្លាប់ ។
*សញ្ជប់ ( កិ. ឬ កិ. វិ. ) ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ : កើតទុក្ខសញ្ជប់, អង្គុយសញ្ជប់ ។ សញ្ជប់សញ្ជឹង ឬ សញ្ជឹងសញ្ជប់ សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ ។
*កនិដ្ឋា (អានថាៈ កៈ-និត-ឋា) បា. ( ន. ) (កនិដ្ឋ) ប្អូន, ប្អូនតូច, ប្អូនពៅ ។ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់ : ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្ដូរជីវិតឥតងាករេ ។
*គ ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងបំពង់ក ជាសិថិល ឃោសៈ, សម្រាប់ភាសាខ្មែរ, ផ្សំនឹងស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊‌ិ អ៊‌ី ។ល។ អ៊ុំ អ៊ំ អ៊ាំ អ៊ះ ជា គ គា គិ គី ។ល។ គុំ គំ គាំ គះ ។ (ស្រៈសំឡេងធំទាំងនេះ មិនបាច់ប្រើត្រីសព្ទ (-) ទេ គ្រាន់តែអានឲ្យមានសំឡេងធំ ផ្សំនឹងព្យញ្ជនៈសំឡេងធំ ឲ្យងាយយល់សំឡេងប៉ុណ្ណោះ) ។
( គុ. ) ឥតសំដី : មនុស្សគ ។ បើលោហជាតិវិញថា ឥតសូរ : ប្រាក់គ ។
( ន. ) ឈ្មោះឈើជាដំណាំ ផ្លែមានសរសៃជាប៉ុយសំឡីសម្រាប់ច្រកញាត់ខ្នើយ, កែប, ពូក ជាដើម : ព្រះសម្ពុទ្ធទ្រង់បញ្ញត្តហាម មិនឲ្យភិក្ខុសាមណេរ ប្រើប្រាស់ពូកញាត់សំឡីគ, ទ្រង់អនុញ្ញាតឲ្យប្រើពូកញាត់ស្មៅ, ញាត់ជក់ដូងជាដើមបាន, ឯកែប, ខ្នើយឲ្យញាត់សំឡីគបាន ។
អនង្គ អៈនង់ ឬ ត. ទ. ស្រ. អៈ ណុង សំ. ( ន. ) (< អន៑ “ឥត” + អង្គ “រូបអង្គ” = អ្នកដែលឥតរូបអង្គ) អទិស្សមានកាយពួកមួយហៅថា កាមទេព ជាអ្នកនាំបណ្តាលឲ្យកើតសេចក្ដីត្រេកត្រអាល ។ ខ្មែរប្រើជាពាក្យប្រៀប សំដៅសេចក្ដីថា “ស្ត្រីមានរូបល្អ, នាងមានលំអ, នាងឆើតឆោម” : អនង្គថ្លៃ, អនង្គមាសស្ងួន, កែងអនង្គ (ព. កា.) : អនង្គមាសថ្លៃ ចុះនាងសព្វថ្ងៃ ធ្វើការងារអ្វី នៅជាកញ្ញា ឬមានប្តីសី ចូរនាងស្រដី ប្រាប់តាមពិតមក ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈនុ័ង-គៈ ឬ អៈនង់-គៈ, ដូចជា អនង្គក្រីឌា ល្បែងនាំឲ្យកើតសេចក្ដីត្រេកត្រអាល, ល្បែងដែលនាំឲ្យងប់ចិត្តស៊ប់ទៅរកកាម។ អនង្គលេខា សំបុត្រផ្តោះផ្តងទៅរកកាម, សំបុត្រចែចង់ ។ អនង្គវិទ្យា ឬ–សាស្ត្រ វិទ្យាឬសាស្ត្រខាងផ្លូវនាំឲ្យត្រេកត្រអាល ។ អនង្គសម្ភាស ឬ–សម្ភាសន៍ ការនិយាយផ្តោះផ្តងទៅរកកាម; ការនិយាយចែចង់ ។ អនង្គសម្ភាសា សម្ដីផ្តោះផ្តងទៅរកកាម; សម្ដីចែចង់ ។ល។
(វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត)

Leave a Reply