បេះដូងកុំព្យូទ័របំរើខ្មែរក្រោម

(មេពាក្យ ៧)

បេះដូងខ្ញុំមួយព្រួយអនេក
ពេលយប់មិនដេកចម្លែកក្រៃ
ថាគូស្នេហ៍ចុះព្រាត់ទីទៃ
កើតរោគស្នេហៃរីងរៃចិត្ត ។
យប់ជ្រៅណាស់ហើយម្តេចឡើយខ្ញុំ
រែកទុក្ខប៉ុនភ្នំខំសួរចិត្ត
ថាខ្លួនមិនយំម្ដេចភ័ក្រ្តពិត
ទឹកភ្នែកដាមដិតជិតនេត្រា ។
ឱ ! ទឹកភ្នែកជោរហូរជោកភ័ក្ត្រ
ឃើញខ្មែរក្រោមធ្លាក់អន្ទាក់ខ្លា
រស់ក្រោមអំណាចយួនផ្ដាច់ការ
បាត់សិទ្ធិមនុស្សារស់ដូចមរណ៍ ។
សម្រស់បេះដូងទងខ្មែរក្រោម
ស្រីៗលួងលោមរោមចង់យក៍
ទៅស្នេហ៍រួមរឹតស្និទ្ធត្រេកអរ
ត្រដរអង្វរយំរាល់ថ្ងៃ ។
បេះដូងខ្ញុំមួយត្រួយខ្មែរក្រោម
ធ្វើម្តេចនឹងព្រមជូនឆោមស្រី
ថ្វីបើសាសន៍ជាតិបាត់សេរី
ខ្មែរក្រោមរីងរៃម្ដេចស្រីសុខ ។
បេះដូងខ្ញុំគឺកុំព្យូទ័រ
បំរើខ្មែរក្រោមគ្រប់ជំពូក
សម្រួលឯកសារជាត្រីមុខ
ប្ដឹងយួនកលិយុគរុកសាសនា ។
ចងក្រងប្រវត្តិសាស្ត្រដាស់ខ្មែរ
ឲ្យចេះថួនថែកេរដូនតា
រំឭកជាថ្មីន័យសាវតារ
បទយួនប្រហាររំលោភសិទ្ធិ៍ ។
ស្រាវជ្រាវឡើងវិញទន្ទេញចាំ
នូវសោកនាដកម្មត្រាំជីវិត
អតីតបច្ចុប្បន្នមានពិតៗ
ដែលយួនឧក្រិដដកសិទ្ធិខ្មែរ ។
ព័ត៌មានក្ដៅៗនៅក្នុងលោក
រឿងខ្មែរក្រោមសោកទុក្ខឥតល្ហែ
សែនដ៍ (Send) តាមអ៊ីម៉ែលទៅឡាអេ
ស្សឺណែវឲ្យគេរកសេរី ។
បេះដូងខ្ញុំលោមអ៊ិនធើណែត
ព័ត៌មានទាន់ហេតុតាមវេបសៃថ៍ (Website)
ជនជាតិក្នុងលោកមានហុកបី (๑)
បាត់សិទ្ធិសេរីលើដីខ្លួន ។
ខ្មែរក្រោម អាចេហ៍ ម៉ុងតាញ៉ា
ជាតិនេះជាអាទិ៍បានយូអិន (UNPO)
ភីអូលើកស្ទួយជួយថែថួន
ស្វែងរកសិទ្ធិខ្លួនសិទ្ធិស្វយ័ត ។
បេះដូងខ្ញុំលោមជាតិសាសនា
ប្រឹងប្រែងធ្វើការគ្មានថាហត់
ដើម្បីខ្មែរក្រោមបានពេញសិទ្ធិ
រួចផុតអាណានិគមយួនហោង ៕៚

ភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០០៥

———————-

(๑) សមាជិក UNPO ឆ្នាំ ២០០៥ មាន ៦៣ ។ www.unpo.org

vokk-on-24-oct-2013
គេហទំព័រ VOKK ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៣ ។

Leave a Reply