នឹកកម្ពុជាក្រោម

(មេពាក្យ ៨)

សម្លឹងមើលមេឃសង្វេគចិន្តា
សម្លឹងជលសាឱរាក្រៀមក្រំ
ព្រួយអ្វីម្ល៉េះទេរេមើលទៅភ្នំ
នឹកកម្ពុជាក្រោមដីឆោមឆើតល្អ ។
ខ្ញុំរស់ឆ្ងាយស្រុកទុក្ខធំសង្រេង
ឃ្លាតឆ្ងាយដីឯងចម្បែងស្ទើរមរណ៍
ចូលស្រុកមានទោសរស់ទាំងត្រដរ
ព្រាត់អ្នកមានធម៌ពុកម៉ែបងប្អូន ។
នឹកខ្លាំងរាំងចិត្តខិតខ្លួនមិនបាន
យំស្គមស្គាំងប្រាណខានជួបមាសស្ងួន
រឭកនឹកគ្រូឆ្លាប់ផ្តល់តម្បូន
បានដាស់តឿនកូនសិស្សឲ្យប្រពៃ ។
នឹកវត្តអារាមដាមក្នុងឱរា
ធ្លាប់បានសិក្សាភាសាម្តាយថ្លៃ
ទុក្ខម្នោទោម្នេញពេញក្នុងហឫទ័យ
នឹកថ្នាក់បាលីរៀនពីពុទ្ធសាសន៍ ។
ស្រណោះស្រណោកសំណោកកូនខ្មែរ
រស់លើដីកេរតែរងកម្មក្រាស់
រដ្ឋការយួនព្រៃរំលាយពូជសាសន៍
បិទសិទ្ធិក្មេងចាស់លះលាត់ជីវិត ។
រឭកនឹកណាស់រាស្រ្តខ្មែរប្រុសស្រី
គ្មានសិទ្ធិហាស្តីអត្ថន័យប្រវត្តិ
សាវតារខ្មែរក្រោមលោមរឿងជូរចត់
ដែលយួនទុច្ចរិតរឹតចង ក ខ្មែរ ។
អាណិតខ្លាំងពេករែកទុក្ខប៉ុនភ្នំ
នឹកឃើញខ្មែរក្រោមខំប្រឹងធ្វើស្រែ
ទឹកភ្នែកហូរហៀរក្លាយជាទន្លេ
យួនបានគ្នាន់គ្នេរស្រូវខ្មែរចុះថោក ។
អាណិតអាណោចស្ទើរខ្លោចហឫទ័យ
រាស្រ្តខ្មែរជាងបីពាន់នាក់មានរោគ
ខ្វាក់ភ្នែកស្រស់ៗរស់រងទុក្ខសោក
នេះមហាវិយោគរោគពូជសាសន៍ ។
ស្រងាកស្រងាត់វិបត្តិចិន្តា
ចម្បែងបញ្ហាកុមារវិបល្លាស
មិនបានសិក្សាពីអក្សរសាស្រ្ត
ខ្មែរក្រោមឲ្យច្បាស់ជាតិក្លាយជាអ្វី ។
រាប់ម៉ឺនបញ្ហាចារក្នុងអារម្មណ៍
នឹកដល់ខ្មែរក្រោមគ្រប់វិនាទី
ឱ ! កម្ពុជាក្រោមអ្នកកុំភិតភ័យ
ជាតិមានសេរីខ្ញុំវិលជួបអ្នក ៕ ៚

eys
ខ្មែរក្រោមនៅខេត្តឃ្លាំងរាប់ម៉ឺននាក់ខ្វាក់ភ្នែកអត់មូលហេតុ ។ រូបថត៖ សឺន  ឡិន

Leave a Reply