ខ្ញុំជាប់គុកហើយ

(មេពាក្យ ៧)

ក្នុងគុកគ្មានស្រាគ្មានទាំងស្រី
ដើម្បីចរចាក្លែមនែបនិត្យ
ភ្នែកបើកទាំងទ្វេតែងងឹត
នេះគុកជីវិតឥតពន្ធា ។
ក្នុងគុកគ្មានទេសួនកម្សាន្ត
គ្មានមិត្តរាប់អានខានហ៊ឺហា
គ្មានទាំងស្រីស្នេហ៍ក្បែរកាយា
រស់ក្នុងអន្ធការស្តារស្មារតី ។
ក្នុងគុកគ្មានទេកាមតណ្ហា
គ្មានរឿងស្នេហាប្រពន្ធប្តី
គ្មានកូនគ្មានចៅថ្នមបមបី
ជីវិតទីទៃលៃរឿងជាតិ ។
ក្នុងគុកគ្មានទេម្តាយឪពុក
ជីវិតឱបទុក្ខនឹកផៅញាតិ
ក្នុងស្បៃអន្ធការទ្រូងចង្អៀត
នឹកឃើញសាសន៍ជាតិបាត់សេរី ។
កាយនៅក្នុងគុកចិត្តនៅក្រៅ
ដង្ហោយស្រែកហៅខ្មែរប្រុសស្រី
ឱ្យស្មោះបរិសុទ្ធចិត្តភក្តី
ទាមទារសេរីជូនខ្មែរក្រោម ។
កាយនៅក្នុងគុកទុក្ខធំធេង
ខ្លាចខ្មែរវង្វេងល្បែងខ្មាំងលោម
លួងឱ្យខ្មែរឈ្លក់វក់ឲ្យរោម
ភ្លេចខ្លួនខ្មែរក្រោមភ្លេចទឹកដី ។
កាយនៅក្នុងគុកទុក្ខគ្រាំគ្រា
ខ្លាចខ្មែរឈ្លោះគ្នាព្រោះសម្តី
ដែលខ្មាំងបញ្ឆោតដោតវក់វី
ឱ្យបែកសាមគ្គីដីបានវា ។
កាយនៅក្នុងគុកទុក្ខរឹតទ្វេ
បារម្ភខ្លាចខ្មែរប្រែចិន្តា
បំណាំគ្នាឯងរែងសង្កា
ចោទដាក់ទោសាថាខ្មែរយួន ។
គុកខ្ញុំគុកធំគ្មានជញ្ជាំង
តែមានរបាំងខ្លាំងមាំមួន
គុកនេះគុកចិត្តឋិតក្នុងខ្លួន
គុកនេះ គុកសួនបេះដូងខ្ញុំ ៕៚

kuk

Leave a Reply