កម្មម្តាយក្នុងគុក ទុក្ខកូនក្នុងផ្ទៃ

(មេពាក្យ ៨)

ទំនុកទំនួញទួញញ័រប្រមាត់
គួរអាណោចអាណិតជីវិតស្រ្តី
រស់ក្រោមអំណាចខ្មាំងប្លន់បុរី
ជាប់គុកទុក្ខពរផ្ទៃប្រាំបីខែ ។
នាងនួនខ្លួនជួនជាជនជាតិដើម
រស់ដោយថប់ដង្ហើមក្រោមនឹមគេ
រែកទារុណកម្មរងទុក្ខឥតល្ហែ
ខ្លួនក្លាយជាខ្ញុំគេកេរ្តិ៍អាស្រូវ ។
ប្តីត្រូវគេសម្លាប់ចាប់វះពោះ
ខ្លួនស្ត្រីមានផ្ទៃពោះរស់សោកសៅ
ក្នុងរណ្តៅគុកងឹតឥតពង្សផៅ
បានត្រឹមខ្សឹបប្រាប់ទៅកូនក្នុងផ្ទៃ ។
ឈ្មោះមេម៉ាយកាយពរផ្ទៃក្នុងគុក
នេះរឿងរ៉ាវទុក្ខសំណោកស្រ្តី
ជនជាតិដើមខ្មែរក្រោមនៅហេដ្ឋបូរី
និរាសព្រាត់ប្រាសប្តីរីងរៃចិត្ត ។
មួយខែដប់ថ្ងៃ (๑)ក្នុងផ្ទៃពោះម្តាយ
ត្រូវរស់គ្មានន័យស្មើក្ស័យជន្មពិត
រស់គ្មានជីវជាតិបំប៉នជីវិត
កាយកូនក្រៀមក្រំស្វិតរឹតរីងរៃ ។
ពេលកើតមកពន្លកខនខានយល់
រស្មីចន្ទនិមលនិងសុរិយ
មិនទាន់ស្គាល់ធម្មជាតិក្នុងលោកីយ៍
កម្មលិខិតអប្រិយប្រល័យពៅ ។
ប្តីស្លាប់ទៅនៅសល់សំណោក
បុត្រភ្ងាស្រស់ពន្លកក្សិណក្ស័យទៅ
ទុក្ខម្តាយប្រពន្ធរស់ក្នុងសំណៅ
ជីវិតទុក្ខសោកសៅ «រស់ដូចស្លាប់» ៕៚

thach-thi-sok
អ្នកស្រី ថាច់ ធី សុខ ត្រូវរដ្ឋាភិបាលយួនដាក់គុក ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ។

(๑) ពេលយួនចាប់ដាក់គុក ស្រ្តីខ្មែរក្រោមរូបនេះ ពរផ្ទៃបាន ៨ ខែ ។ នៅក្នុងគុកបាន ១ និង ១០ ថ្ងៃក៏សម្រាលកូន ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s