កោះពេជ្រស្ពានមរណៈ

(មេពាក្យ ៨)

ក្នុងឱកាសគម្រប់ខួប ៧ ថ្ងៃនៃព្រឹត្តិការណ៍ ២២ វិច្ឆិកា សូមឧទ្ទិសកំណាព្យនេះដល់ជនរងគ្រោះទាំងឡាយដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏អាក្រក់មួយនេះ និងសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងឡាយឆាប់បានទៅចាប់បដិសន្ធិក្នុងទីដ៏សមគួរ ។

kok-pich

កោះពេជ្រម្តេចអ្នកមិនចេញស្តី
តើខឹងរឿងអ្វីទើបបញ្ជា
ឲ្យស្ពានប្រល័យក្ស័យជន្មា
ជីវិតប្រជាជាតិខេមរា ។
ស្ពានពេជ្រអ្នកគ្មានវិញ្ញាណទេ
តែកាចខុសគេហ៊ានប្រហារ
ត្របាក់ជីវិតឥតមេត្តា
កាត់ផ្តាច់សង្ខារទាំងត្រដរ ។
ស្ពានពេជ្រឈ្មោះអ្នកសែនពិរោះ
តែចិត្តទុរយសជាឃាតក
សម្លាប់ជាតិខ្មែរយ៉ាងអមនុស្សធម៌
លែងយល់ខ្មៅសល្អអាក្រក់ ។
ស្ពានពេជ្រតើអ្នកត្រូវការអ្វី
បានហ៊ានប្រល័យទាំងដង្ហក់
ផ្ដាច់ផ្ដិលជីវិតប្តូរយកប្រាក់
ឬក៏ខ្លួនអ្នកធ្វើតាមគេ ។
ស្ពានពេជ្រអ្នកឃោរឃៅខ្លាំងណាស់
ឲ្យមនុស្សក្មេងចាស់ទុក្ខឥតល្ហែ
ស្រក់ទឹកនេត្រាទុក្ខរឹតទ្វេ
ទុក្ខព្រាត់កូនម៉ែឪពុកថ្លៃ ។
ស្ពានពេជ្រអ្នកដឹងរឿងរ៉ាវពិត
បើអ្នកមិនគិតជួយបកស្រាយ
ប្រាប់ឈ្មោះឃាតកខ្មែរប្រុសស្រី
យើងហៅឈ្មោះថ្មី “ស្ពានមរណៈ” ៕៚

ទីក្រុងបឹងកក់, ប្រទេសថៃ ថ្ងៃទី ២៩ ខែវិច្ឆិកា គ. ស. ២០១០ ព. ស. ២៥៥៤

កំណត់សម្គាល់
ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០ ពលរដ្ឋខ្មែរនៃប្រទេសកម្ពុជាប្រមាណជាង ២០០ នាក់បានស្លាប់នៅលើស្ពានកោះពេជ្រ ក្នុងថ្ងៃទី ៣ នៃពិធីប្រណាំងទូក ង នៅទីក្រុងភ្នំពេញ ។ ព្រឹត្តិការណ៍ឧបទ្ទវហេតុនេះ មានមតិលើកឡើងអំពីមូលហេតុជាច្រើន ខ្លះថា ភ្លើងឆក់ ខ្លះថា រត់ជាន់គ្នា និងខ្លះទៀតថា មានព្រាយ ឬអ្វីមួយមកយកជីវិត ? ។
ករណីស្លាប់រង្គាលនេះ រដ្ឋាភិបាលខ្មែរដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានស្វែងរក ឬ បំភ្លឺឲ្យបានច្បាស់នូវមូលហេតុដែលបានកើតឡើងនោះទេ ។ ជីវិតខ្មែរកើតមកសម្រាប់ស្លាប់ទៅ ដោយគ្មានមូលហេតុយ៉ាងនេះរហូតឬ ?

Leave a Reply