ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម និង​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ទង់ជាតិកម្ពុជាក្រោម ត្រូវបានពលខ្មែរក្រោមមូលមតិគ្នាបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដំណាលគ្នានឹងការបង្កើត សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈការប្ដូរពីសភាកម្ពុជាក្រោមទៅជាសហព័ន្ធខ្មែរកម្ពុជាក្រោម ។ មកដល់ឆ្នាំ ២០១៤ នេះ ទង់ជាតិកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម មានអាយុ ១៨ ឆ្នាំហើយ ដែលបានធ្វើសកម្មភាព តស៊ូមតិដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិដើម្បីស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅកម្ពុជាក្រោម សព្វថ្ងៃ ។ លទ្ធផលជាវិជ្ជមាននោះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិដឹងឮថា “ខ្មែរក្រោម” ជានរណា និង ដែនដី “កម្ពុជាក្រោម” នៅកន្លែងណា ហើយត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ “ខ្មែរក្រោម” ថាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ។ សមិទ្ធិផល ជោគជ័យមិនធ្លាប់មាននៅក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជាក្រោមនេះ ក៏ដោយសារ ថ្នាក់ដឹកនាំនៃសហព័ន្ធខ្មែរកម្ពុជា ក្រោមទូទាំងពិភពលោកបានរួមគំនិតតែមួយគូសចេញនូវយុទ្ធសាស្ត្រនយោបាយ “ខ្លួនជាទីពឹងរបស់ខ្លួន” ដោយ មិនជ្រៀតជ្រែកចូលកិច្ចការនយោបាយក្នុងប្រទេសកម្ពុជា ។

យុវជនខ្មែរគូររូបទង់ជាតិកម្ពុជាក្រោម នៅលើផ្ទាល់នៅភ្នំពេញ ក្នុងពិធីខួប ៦៥ ឆ្នាំ នៃទិវា ៤ មិថុនា ដែលធ្វើនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ស៊ីន ចែងចើន
យុវជនខ្មែរគូររូបទង់ជាតិកម្ពុជាក្រោម នៅលើផ្ទាល់នៅភ្នំពេញ ក្នុងពិធីខួប ៦៥ ឆ្នាំ នៃទិវា ៤ មិថុនា ដែលធ្វើនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ស៊ីន ចែងចើន

យោងតាមសៀវភៅមគ្គុទ្ទេស “ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានបោះពុម្ពដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ ២០០៩ បានបញ្ជាក់អំពីទង់ជាតិកម្ពុជាក្រោមយ៉ាងនេះថា៖

“ទង់ជាតិខ្មែរកម្ពុជាក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានពណ៌ផ្សេងគ្នា ហើយមានខ្នាតទទឹងពីរភាគបី បណ្តោយបីភាគបី ។ ឆ្នូតពណ៌ខៀវនៅខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យដែល ជាសិទ្ធិខ្ពស់ជាងគេបំផុត ។ ឆ្នូតពណ៌លឿងនៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម ដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌ ។ពណ៌ក្រហមនៅខាងក្រោម ជានិមិត្តរូប នៃវីរភាព អង់អាចក្លាហាន របស់វីរជន ខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់” ។

កើតចេញពីទង់ជ័យពុទ្ធសាសនា៖

ដោយសារពុទ្ធសាសនា បានផ្សារភ្ជាប់នឹងជីវិតពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមតាំងពីបុរាណកាលមក និង ពុទ្ធ សាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវ “អត្តសញ្ញណជាតិខ្មែរ” ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃ តាមរយៈវត្តអារាមជាឃ្លាំងផ្ទុកនូវខឿនវប្បធម៌ជាតិនោះ ពលរដ្ឋខ្មែរក្រោមសម្គាល់ថាទង់ជ័យ “ឆព្វណ្ណរង្សី” របស់ ពុទ្ធសាសនាថា ជាទង់ជាតិរបស់ខ្លួន ព្រោះនៅកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោមមិនដែលបានលើកទង់ជាតិនៃប្រទេស កម្ពុជាទេ ។

buddhism-flag

លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ក្នុងកម្មវិធីផ្សាយ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៤ ថា ទង់ជាតិកម្ពុជាក្រោម ត្រូវបានបង្កើតឡើងដោយ រណសិរ្ស រំដោះកម្ពុជាក្រោម ក្នុងអំឡុងទសវត្សរ៍ ឆ្នាំ ១៩៦០ ម្ល៉េះ ។ លោកបញ្ជាក់ថា កាលនោះ ក្រុមជនជាតិដើមនៅ វៀតណាម មានខ្មែរក្រោមនៅកម្ពុជាក្រោម ជនជាតិចាម្ប៍នៅភាគកណ្ដាលវៀតណាម និងជនជាតិម៉ុងតៃញ៉ា នៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមបានរួមគ្នាបង្កើតចលនាតស៊ូមួយ ដើម្បីរំដោះខ្លួនចេញពីការជិះជាន់របស់ អាណានិគមវៀតណាម តែខ្មែរក្រោមមិនមានទង់ជាតិតំណាងឲ្យចលនារបស់ខ្លួនទេ ខណៈដែលចាម្ប៍ និងម៉ុងតៃ ញ៉ា មានទង់ជាតិរៀងៗខ្លួន ។ ពេលនោះ ក្រុមចលនារបស់ខ្មែរក្រោមក៏បានចូលវត្តសុំទង់ជ័យ “ឆព្វណ្ណរង្សី” របស់ពុទ្ធសាសនាមកធ្វើជាទង់របស់ខ្លួន ។ តែដោយសារទង់ពុទ្ធសាសនានេះ ជាទង់ជ័យតំណាងឲ្យអ្នកកាន់ពុទ្ធ សាសនាទូទាំងពិភពលោក មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្មែរក្រោមទេ ទើបក្រុមចលនាបានសម្រេចកាត់យក បីពណ៌ “ខៀវ លឿង ក្រហម” ភាគខាងលើនៃទង់ពុទ្ធសាសនាមកធ្វើជាទង់សម្រាប់តំណាងឲ្យចលនាខ្មែរក្រោម នាពេលនោះ ។

លោក ប្រាក់ សេរីវុឌ្ឍ បញ្ជាក់ថា៖

“ដល់ពេលប្រជុំទៅ គេសុទ្ធតែមានទង់គេមួយៗ តំណាងឲ្យជនជាតិគេទៅ យើងខ្មែរក្រោមចូលប្រជុំនឹងគេ រណសិរ្ស រំដោះកម្ពុជាក្រោម មិនអាចយកទង់ខ្មែរទៅលើកបានទេ ។ ប្រសិនយកទង់ជាតិខ្មែរទៅលើកនៅស្រុកយួនហ្នឹង បើ រដ្ឋាភិបាលឆែកឆេរចាប់បានមានទោសធ្ងន់ណាស់ សម័យរដ្ឋាភិបាល ង៉ោ ឌិន យ៉េម វាកំពុងតែគាបសង្កត់ខ្មែរ ខ្លាំងផង ។ ដល់ទាល់ច្រក តាមឮចាស់ទុំនិយាយ រកទង់ជាតិឯណាមិនបាន ក៏ចូលទៅតាមវត្តអារាមខ្មែរក្រោម ហ្នឹង សុំទង់ព្រះពុទ្ធសាសនាពីព្រះសង្ឃខ្មែរក្រោមយើងមួយទៅ ។ យើងមិនអាចលើកទង់ពុទ្ធសាសនាបានទេ ព្រោះជារឿងនយោបាយ ជារឿងរំដោះប្រទេសជាតិ ហើយទង់ព្រះពុទ្ធសាសនាសម្រាប់តំណាងឲ្យព្រះពុទ្ធសាសនា ។ យួនក៏មានទង់ព្រះពុទ្ធសាសនា ថៃក៏មានដែរ ។ ដូច្នេះ កុំឲ្យច្របូកច្របល់បាយបិណ្ឌបាតបាត្រហ្នឹង អ្នកដឹកនាំចលនាតស៊ូរំដោះខ្មែរក្រោម ក្នុងឆ្នាំ ១៩៦៥ តាមឮចាស់ទុំនិយាយ គឺថា បានទង់ហ្នឹងហើយ ក៏ហែក មួយកំណាត់មក ។ ហែកមួយកំណាត់ខាងលើដែលមាន ៣ ពណ៌ហ្នឹង ។ បើបងប្អូនមើលមើលទង់ព្រះពុទ្ធ ឃើញស្នូត ៣ ពណ៌ គឺ ពណ៌លឿង ពណ៌ក្រហម និងពណ៌ខៀវហ្នឹងហើយ ជាឫសគល់ខាងដើម” ។

អត្ថន័យពណ៌ “ខៀវ លឿង ក្រហម” នៅក្នុងពុទ្ធសាសនា៖

យោងតាមអត្ថបទស្ដីអំពីប្រវត្តិទង់ជ័យពុទ្ធសាសនា ដែលបានចុះផ្សាយនៅលើគេហទំព័រសព្វាវចនាធិប្បាយ (wikipedia) បានបញ្ជាក់អំពីអត្ថន័យនៃពណ៌ “ខៀវ លឿង ក្រហម” ថា៖

“ពណ៌ខៀវ (នីលៈ) មានន័យថា ស្រឡាញ់សេចក្ដីល្អ , ករុណាជាសកល ។
ពណ៌លឿង (បិតៈ) មជ្ឈិមបដិបទា ឬ ផ្លូវកណ្ដាល វៀរចាកអំពីអាក្រក់ សូន្យសុង ឬ សុញ្ញតៈ
ពណ៌ក្រហម (លោហិតៈ) សេចក្ដីចម្រើនដោយការប្រតិបត្តិ សេចក្ដីសម្រេច បញ្ញា គុណធម៌ ជោគលាភ និង សេចក្ដីថ្លៃថ្នូ” ។

មិនយកភ្លើងដុតប្រទេសកម្ពុជា៖

ដោយបានឆ្លងកាត់បទពិសោធ និងមេរៀនប្រវត្តិសាស្ត្រច្រំដែលទាក់ទងនឹងរឿងកម្ពុជាក្រោមឃើញថា អ្នកនយោ បាយខ្មែរនៅប្រទេសកម្ពុជាពីជំនាន់មួយទៅជំនាន់មួយ តែងតែលើកយកបញ្ហាដែនដីកម្ពុជាក្រោមមកធ្វើជាល្បែង នយោបាយរបស់ខ្លួន ដោយអ្នកទាំងនោះបានអះអាងថា ខ្លួននឹងទាមទារទឹកដីកម្ពុជាក្រោមមកវិញឲ្យខានតែបាន តែគេសង្កេតឃើញថា មិនមានអ្នកនយោបាយរូបណាម្នាក់ធ្វើបានសម្រេចដូចអ្វីដែលខ្លួនបានសន្យាទេ ។ ផ្ទុយទៅវិញ ការលើកឡើងនេះបានត្រឹមតែធ្វើឲ្យរដ្ឋាភិបាលវៀតណាមចោទ និងវាយបកទៅរដ្ឋាភិបាល កម្ពុជាថាបានបំពានច្បាប់អង្គការសហប្រជាជាតិ ដោយបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងប្រឆាំង ប្រទេសវៀតណាម ខណៈដែលប្រទេសទាំងពីរជាសមាជិកនៃអង្គការសហប្រជាជាតិដូចគ្នា ។

khmer-krom-flag1

ដោយមានបទពិសោធយ៉ាងនេះ ទើប លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា មេដឹកនាំខ្មែរក្រហម ក្នុងអំឡុងទសវត្សរ៍ ឆ្នាំ ១៩៧០ បានលើកទ័ពវៃសម្រុកចូលខេត្តមាត់ជ្រូក ដើម្បីដណ្ដើមយក ដែនដីកម្ពុជាក្រោមពីវៀតណាមមកវិញ ទើបធ្វើឲ្យវៀតណាមមានលេសវៃបកចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ បានសម្លាប់ពលរដ្ឋ និងទាហានខ្មែរក្រហមស្លាប់យ៉ាងរង្គាល រួចបានធ្វើអាណានិគមប្រទេស កម្ពុជាអស់រយៈពេល ១០ ឆ្នាំ ហើយកាកសំណល់អាណាមនិគមនោះនៅសល់តាមរយៈគណបក្សប្រជាជនកម្ពុជា រហូតមកដល់សព្វថ្ងៃ ។

លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា៖

“រឿងខុសច្បាប់ ជ្រៀតជ្រែកនៅក្នុងបញ្ហាហ្នឹង ។ ឧទាហរណ៍ជាក់ស្ដែងរឿងខ្មែរក្រហម ដែលខ្មែរក្រហមទៅវៃថាយក ទឹកដីកម្ពុជាក្រោម គឺជាម្យោបាយរបស់យួន ។ អស់លោកណាថា ខ្មែរក្រហមស្អប់យួន ក៏យល់តាមហ្នឹងទៅ ។ គេ ធ្វើដើម្បីឲ្យយួនមកយកទឹកដីប្រទេសកម្ពុជារហូតមកដល់ពេលបច្ចុប្បន្នហ្នឹង” ។

លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទីមួយ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់អំពីហេតុផលដែលនាំឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោមបង្កើតទង់ជាតិកម្ពុជាក្រោមថា ព្រោះមានបទពិសោធប្រវត្តិសាស្ត្រដូចបានរៀបរាប់មកខាង លើនេះហើយ ទើបសហព័ន្ធខ្មែរកម្ពុជាក្រោមបានបង្កើតទៅជាទង់ជាតិមួយដាច់ដោយឡែករបស់ខ្លួនសម្រាប់ តំណាងឲ្យពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោកធ្វើការតស៊ូតាមបែប “ខ្លួនជាទីពឹងរបស់ខ្លួន” ដោយមិនជ្រៀតជ្រែក ចូលកិច្ចការនយោបាយប្រទេសកម្ពុជា និងដើម្បីអាចបង្ហាញវត្តមានរបស់ខ្មែរក្រោមនៅក្នុងឆាកអន្តរជាតិ ។ លោក បញ្ជាក់ថា ប្រសិនបើ សហព័ន្ធខ្មែរកម្ពុជាក្រោមប្រើទង់ជាតិប្រទេសកម្ពុជាទៅធ្វើការតស៊ូផ្នែកការទូតនៅក្នុងឆាក អន្តរជាតិនោះ រហូតមកទល់ពេលនេះ មិនមានអង្គការអន្តរជាតិណាមួយបើកទ្វារស្វាគមន៍ឲ្យសហព័ន្ធខ្មែរកម្ពុជា ក្រោមចូលជួប ដើម្បីលើកយកបញ្ហាកម្ពុជាក្រោមមកជជែកទេ ។

លោក ប្រាក់ សេរីវុឌ្ឍ បានបញ្ជាក់ថា៖

“ប្រសិនបើខ្មែរក្រោមលើកទង់ជាតិខ្មែរ ទង់ជាតិដែលមានប្រសាទអង្គរវត្តកំពូលបីហ្នឹង ធ្វើការតវ៉ានៅក្រសួងការ បរទេស នៅសហគមន៍អឺរ៉ុប នៅសេតវិមាន នៅអ៊ី រឿងយើងចប់បណ្ដោយ ។ គេបិទទ្វារមិនឲ្យយើងចូលទេ ព្រោះអ៊ី រឿងយើង គេឲ្យទៅទារដីពី លោក ហ៊ុន សែន ពីរដ្ឋាភិបាលខ្មែរ ។ មកដល់ពេលបច្ចុប្បន្ននេះ ប្រសិនបើ ខ្មែរក្រោម លើកទង់ជាតិព្រះរាជាណាចក្រកម្ពុជាតំណាងឲ្យខ្មែរក្រោម តាំងពីឆ្នាំ ១៩៩៦ ចាប់តាំងពីកកើតសហព័ន្ធ ខ្មែរកម្ពុជាក្រោមដើមដំបូងមកដល់ឥឡូវនេះ ប្រហែលសហព័ន្ធខ្មែរកម្ពុជាក្រោមយើង គ្មានឃើញពន្លឺអន្តរជាតិ ទទួលស្គាល់ទេ ពីព្រោះរឿងនេះជារឿងស្រុកខ្មែរ” ។

ដោយសារតែមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមគូសផ្លូវនយាបាយបានត្រឹមត្រូវ មានផែនការច្បាស់លាស់ និងធ្វើ ការជាក្រុមតាមឋានានុក្រម (មិនមែនជាលក្ខណៈអង្គការមួយមានតែអញម្នាក់ឯង) នោះ បានធ្វើឲ្យសហព័ន្ធខ្មែរ កម្ពុក្រោមធ្វើការបានទទួលផ្លែផ្កានៅក្នុងឆាកអន្តរជាតិជាបន្តបន្ទាប់ដូចការរំពឹងទុកមែន ។

តាមការបញ្ជាក់ពីលោក ប្រាក់ សេរីវុឌ្ឍ ផ្លែផ្កាដែលសហព័ន្ធខ្មែរកម្ពុជាក្រោមទទួលបានជាបន្តបន្ទាប់នោះ មាន ដូចជា សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកសហព័ន្ធទូកប្រណាំងអន្តរជាតិ (IDBF), សមាជិកអង្គការ ប្រជាជាតិគ្មានតំណាង (UNPO), សមាជិកគណបក្សចម្រុះជាតិសាសន៍ (Transnational Radical Party) ដែលជាគណបក្សមួយមានឥទ្ធិពលនៅក្នុងសភាអឺរ៉ុប, សមាជិកវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពី បញ្ហាជនជាតិដើម (UNPFII) ដែលបានធ្វើឲ្យវត្តមានរបស់ខ្មែរក្រោមបានលេចមុខនៅក្នុងអង្គការសហប្រជាជាតិ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ។ ការបានចូលជាសមាជិក UNPFII នេះសហព័ន្ធខ្មែរកម្ពុជា ក្រោមបានចូលថ្លែងការណ៍ស្ដីពីបញ្ហាខ្មែរក្រោមនៅកម្ពុជាក្រោម ជូនអង្គការសហប្រជាជាតិ នាបុរី New York រៀងរាល់ឆ្នាំ នៅក្នុងខែឧសភា ដើម្បីឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិខ្មែរ ក្រោមម្ចាស់ស្រុក ។

“ក្រោយមក ពួកយើង ត្រូវបានអង្គការសហប្រជាជាតិនៅទីក្រុង New York អនុញ្ញតឲ្យយើងចូលប្រជុំនៅក្នុងអង្គ ការសហប្រជាជាតិ នៅឆ្នាំ ២០០៤ ដែលរហូតមកដល់ឥឡូវនេះបាន ១០ ឆ្នាំ ហើយ ។ ប្រជុំរាល់ឆ្នាំ ។ លោក Kofi Annan ជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ មុននឹងគាត់ផុតតំណែងបានជួយឲ្យសមាជិកនៃអង្គការសហប្រជាជាតិធ្វើមហាសន្និបាតមួយអនុញ្ញាតឲ្យជនជាតិដើមបានទៅប្រជុំជាផ្លូវការក្នុងមួយឆ្នាំបានម្ដង នៅរវាងពាក់ កណ្ដាលខែឧសភា” ។

ទាក់ទងនឹងផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលនឹងត្រូវធ្វើជាប្រចាំ និងធ្វើជាតំណមនុស្សនោះ ថ្មីៗនេះ គណៈកម្មការទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម គឺ លោក តោ គិម ថុង និង លោក សឺង សម្រេច បានចេញសារ លិខិតមួយបញ្ជាក់អំពីគោលជំហររបស់សហព័ន្ធខ្មែរកម្ពុជាក្រោមថា ការដែលត្រឹមតែត្អូញត្អែរពីវាសនាកំសត់របស់ ខ្មែរការសោកស្តាយមរតកកេរដូនតា ការសម្ដែងទុក្ខ សោកស្រណោះ អាឡោះអាល័យចំពោះអតីតកាលដ៏រុងរឿង នៃមហានគរក៏មិនអាចដោះស្រាយបញ្ហាបានដែរ ។

សារលិខិតនេះបញ្ជាក់ថា៖

“ដោយសង្ខេប ការងារចំពោះមុខ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវប្រឈមគឺ៖

ទីមួយ៖ សហព័ន្ធខ្មែរកម្អុជាក្រោមត្រូវប្រកាន់ខ្ជាប់នូវគោលជំហ៊រដូចតទៅ

  • ក) ជៀសវាងការបែកបាក់កម្លាំងសាមគ្គីជាតិ ដោយគោរពសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ពហុទស្សនៈ ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អង្គការ នយោបាយខែ្មរក្រោមផ្សេងៗ ក្រៅពីសហព័ន្ធ ។
  • ខ) មិនចូលរួម ឬ បំរើគណបក្សនយោបាយណាមួយនៅកម្ពុជាឡើយ ។ ប៉ុន្តែសហព័ន្ធនឹងធ្វើការទំនាក់ ទំនងជាមួយរដ្ឋាភិបាល និងសហគមន៍ខ្មែរទូទៅ ក្នុងវិស័យលើកតំកើងសាសនា វប្បធម៌ អក្សរសាស្ត្រ ភាសា សាស្ត្រ និងសិក្សាអប់រំ ដោយប្រកាន់ថា យើងមានអំបូរជាមួយគ្នា ។

ទីពីរ៖ ដើម្បីបន្តផ្តល់សេចក្តីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរក្រោម សហព័ន្ធមិនអាចព្រងើយកន្តើយ ដោយមានឮមោទនភាពហួសហេតុ ចំពោះអ្វីៗដែលយើងធ្វើបាននោះឡើយ ។ ផ្ទុយទៅវិញ យើងត្រូវ យកចិត្តទុក ដាក់លើការងារអ្វីដែលយើងធ្វើមិនទាន់បាន និងខិតខំរកវិធីដោះស្រាយឱ្យទាន់ពេលវេលា ។ យើងរាល់គ្នាក្នុង គ្រួសារសហព័ន្ធប្រាកដជាមានមានឆន្ទៈ និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហា និង ឧបសគ្គនានា ដែលមានចំពោះមុខ ។ ការងារនេះ ទាមទារការរក្សាទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងស្មារតីការងារជាក្រុម គឺ TEAM WORK” ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s