ច្នៃរឿង​ងូត​ទឹកកក​មកជា​រឿងលើក​ទង់ជាតិ ​កម្ពុជា​ក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញសកម្មភាពថ្មីមួយរបស់ខ្មែរ និងបរទេសនៅលើបណ្ដាណសង្គម Facebook និងព័ត៌មានផ្សេងៗ ដែលពួកគេបាននាំគ្នាធ្វើយ៉ាងជ្រួលជ្រើម ។ សកម្មភាពនោះ គឺការងូតទឹកកក ដើម្បីរៃ ប្រាក់ដាក់ក្នុងមូលនិធិសម្រាប់ជួយសង្គ្រោះសង្គមជាដើម ។ ឮថា សកម្មភាពងូតទឹកកកនេះ ពួកគេម្នាក់ បានចាប់ផ្ដើមងូតមុនរួចហើយ ក៏បានហៅរកឈ្មោះមនុស្សធ្លាប់ស្គាល់គ្នាឲ្យបានពីរ ឬ បីនាក់ទៀតដើម្បី ងូតតាម តែបើអ្នកដែលត្រូវហៅឈ្មោះនោះមិនព្រមងូតតាមនោះទេ នឹងត្រូវបង់ប្រាក់ឲ្យមូលនិធិតាមការ កំណត់សម្រាប់ជួយដល់សង្គមផ្សេងៗ ។

khmer-krom-flag
ទង់ជាតិកម្ពុជាក្រោម ។

ងាកមកសង្គមខ្មែរក្រោមវិញ តើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យការងូតទឹកនេះ ក្លាយទៅជារឿងមានប្រ យោជន៍សម្រាប់ខ្មែរក្រោមយើង ។ ដូច្នេះ ប្រសិនបើអាចធ្វើទៅបាន សូមឲ្យខ្មែរក្រោមគ្រប់រូប យករឿងនេះ ទៅធ្វើជារឿងលើកទង់ជាតិកម្ពុជាក្រោមវិញ ដើម្បីបានប្រយោជន៍ទាំងពីរសងខាង គឺទីមួយប្រយោជន៍ជាតិ និង ទីពីរប្រយោជន៍សេដ្ឋកិច្ច ។

ការងារនេះត្រូវធ្វើយ៉ាងនេះ មុនដំបូង មនុស្សម្នាក់ត្រូវចាប់ផ្ដើមធ្វើទង់ជាតិកម្ពុជាក្រោមឲ្យបានមួយ រួច ហើយឈរកាន់ ឬ ដោតនៅកន្លែងណាមួយក្នុងផ្ទះរបស់ខ្លួន ហើយថតរូប និង វីដេអូដាក់ឡើង Facebook រួចហៅឈ្មោះមិត្តភក្តិ៍ឲ្យបាន ៣ នាក់ថែមទៀតធ្វើតាមខ្លួនជាបន្តបន្ទាប់ ។ អ្នកដែលបានធ្វើ មិនចាំបាច់បង់ប្រាក់ឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម តែអ្នកដែលមានឈ្មោះត្រូវគេហៅតែមិនបានធ្វើ ត្រូវតែ បង់ប្រាក់ទៅសហព័ន្ធខ្មែរកម្ពុជាក្រោមតាមការកំណត់ ។ ការបង់ប្រាក់នេះ លោកអ្នកអាចបង់ប្រាក់ទៅ មូលនិធិណាដែលលោកអ្នកពេញចិត្តក៏បាន ។

សកម្មភាពនេះ បើអាចធ្វើបាន វានឹងធ្វើឲ្យទង់ជាតិកម្ពុជាក្រោមរបស់យើងបានលើកឡើងនៅគ្រប់ផ្ទះ សហព័ន្ធខ្មែរកម្ពុជាក្រោមអាចបានប្រាក់សម្រាប់ទ្រទ្រង់ការងាររបស់ខ្លួនថែមទៀត និងជាពិសេស វាមិន ត្រូវបានគេរិះគន់ថា យើងនាំគ្នាយកវប្បធម៌បរទេសមកសាបព្រោះលើសង្គមខ្មែរទៀតផង ៕

Leave a Reply