ប្រព័ន្ធ​ឃោសនា​រដ្ឋ​វៀតណាម​ជំនាញ ខាង​នាំ​ដំណឹង​បោកប្រាស់​?

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ជាប្រព័ន្ធផ្សព្វផ្សាយមួយដែលមានជំនាញខាងនាំដំ ណឹងបោក ប្រាស់ប្រជាជនយួនខ្លួនឯង អ្នកយកព័ត៌មានក្បត់នឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលគិតតែ ពី ជួយបំភ្លៃការពិតជំនួស ឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ។ ទង្វើបោកប្រាស់របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ជាផ្លូវមួយច្រានប្រជាជនយួនខ្លួនឯងឲ្យធ្លាក់ចុះក្នុងរណ្ដៅមរណៈនៃភាពល្ងង់ខ្លៅគ្មានថ្ងៃងើបមុខរួចឡើយ ។ ម្យ៉ាង ទៀតការដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋយួន ជំនាញបោកប្រាស់ និងកាឡៃនេះហើយ ទើបប្រទេស វៀតណាមបណ្ដុះបាន ពូជមនុស្សបោកប្រាស់ និងពូជអ្នកនិយាយកាឡៃជាច្រើនទូទាំងប្រទេស ដូចជា លោក ត្រឹង វ៉ាំង ថុង ជាដើម ដែល នាំឲ្យពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងរឿង បំភ្លៃប្រវត្តិសាស្ត្រទូទាំងប្រទេសកម្ពុជា ។ ការដែលថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ វៀតណាមជាអ្នកនាំដំណឹងបោកប្រាស់នោះ គេអាចដឹងបានតាមរយៈការផ្សាយរបស់ទូរទស្សន៍ជាតិយួនទាក់ទង នឹងរឿងរ៉ាវបាតុករខ្មែរដុតទង់ ជាតិយួនប៉ុ ន្មានថ្ងៃកន្លង ទៅនេះ ថា លោក ហេង សំរិន ប្រធានសភាជាតិខ្មែរបាន សន្យាថា នឹងចាត់វិធានការលើអ្នកដុតទង់ជាតិវៀតណាម តែក្រោយមក លោក ឈាង វុន បានបដិសេធដំណឹង នេះ ហើយថា លោក ហេង សំរិន មិនបាន និយាយយ៉ាងនេះទេ ។

អ្នករាយការណ៍ទូរទស្សន៍ជាតិយួន (VTV) ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ ។
អ្នករាយការណ៍ទូរទស្សន៍ជាតិយួន (VTV) ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ ។

នៅប្រទេសវៀតណាម នរណាៗក៏ចេះនិយាយពាក្យកំប្លែងមួយឃ្លាថា “អ្នកនិពន្ធនិយាយកុហក់ អ្នកកាសែត និយាយពន្លើស” (Nhà Văn Nói Láo, Nhà Báo Nói Thêm) ដែរ ។ សម្ដីនេះ ជាពាក្យកំប្លែងស្ងួតរបស់ប្រជា ពលរដ្ឋសម្រាប់ និយាយរិះគន់ដល់អ្នកកាសែតគ្មានវិជ្ជាជីវៈរបស់ប្រព័ន្ធឃោសនារដ្ឋវៀតណាម ដែលពួកគេមួយថ្ងៃៗ អង្គុយតែតែងសេចក្ដីបំផ្លើសបំភ្លៃការពិតដើម្បីលើកតម្កើងបក្សកុម្មុយនិស្តវៀតណាម ។ ទង្វើស្រដៀងគ្នានេះ ប្រជា ពលរដ្ឋខ្មែរក៏ធ្លាប់ បានឃើញរួចមកហើយនូវសកម្មភាពផ្សព្វផ្សាយរបស់ទូរទស្សន៍ស្រុកខ្មែរមួយចំនួន នាពេលកន្លង មក ដែលពួកគេយកគំរូតាមព័ត៌មានរដ្ឋយួន មួយថ្ងៃៗគិតតែនិយាយពីការលើកជើង លោក ហ៊ុន សែន ទាំង ងងើល ។ ទីបំផុត ក្រុមអ្នកយកព័ត៌មាន ងងើលទាំងនោះ ត្រូវបានក្រុមបាតុករដេញចេញពីទីលានប្រជាធិបតេយ្យ មិនឲ្យយកព័ត៌មានតទៅទៀត ព្រោះប្រជាពលរដ្ឋបានយល់ដឹងពីទង្វើបោកប្រាស់របស់អ្នកយកព័ត៌មានទាំងនេះ តាមរយៈបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យផ្សេងៗ ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិវៀតណាម ដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែសីហា បានឲ្យដឹងថា៖

“ដោយពេញចិត្តនឹងមតិ និងសំណើររបស់ នាយករដ្ឋមន្ត្រី ង្វៀង តឹង យ៉ុង លោក ហេង សំរិន បានថ្លែងថា ភាគី កម្ពុជា មានការសោកស្ដាយ ចំពោះសកម្មភាពនៃការធ្វើបាតុកម្ម និងជាពិសេស ចំពោះការដុតទង់ជាតិវៀត ណាម ។ លោក ហេង សំរិន បានបន្តទៀតថា នេះជាសកម្មភាពមួយដែលបានកើតឡើងដោយក្រុមជ្រុលនិយម ត្រូវបានញុះញង់ដោយក្រុមដែលមិនបានស្គាល់អំពីប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ហើយសូមឲ្យរដ្ឋាភិបាល និងប្រជាជនវៀតណាមអធ្យាស្រ័យ ។ ប្រធានរដ្ឋសភា លោក ហេង សំរិន ក៏បានឲ្យដឹងដែរថា រូបលោកផ្ទាល់ និង រដ្ឋសភាកម្ពុជាមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ។ កម្ពុជាធ្លាប់មានវិធានការរួចមកហើយ ក្នុងការពិន័យចំពោះសកម្មភាព និងបុគ្គលដែលបានបង្កហេតុ ហើយនឹងខិតខំឲ្យអស់ពីសមត្ថភាពទៅតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយសកម្មភាពនេះឲ្យបានទទួលលទ្ធផលជាអតិបរណា និងទប់ស្កាត់មិនឲ្យមានការប្រើអំពើហិង្សានិងសកម្មភាពស្រដៀងគ្នានេះកើតឡើងសាជាថ្មី” ។

ផ្ទុយពីសេចក្ដីរាយការណ៍របស់ទូរទស្សនជាតិវៀតណាម (VTV) និងបណ្ដាញផ្សព្វផ្សាយយួនក្នុងស្រុក លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានច្រានចោលដំណឹងនេះភ្លាមៗ បន្ទាប់ ពីធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជា នៅថ្ងៃទី ២០ ខែសីហា ។

លោក ឈង វុន បានថ្លែងបញ្ជាក់ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថា លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មិនបានយល់ព្រមចំពោះសំណើររដ្ឋាភិបាលក្រុងហាណូយឲ្យចាត់វិធានការលើបាតុករខ្មែរក្រោមនោះឡើយ ប៉ុន្តែផ្ទុយទៅវិញនៅចំពោះមុខសមភាគីវៀតណាម លោកប្រមុខរដ្ឋសភាកម្ពុជាបានអត្ថាធិប្បាយការពារបាតុ កម្មរបស់ខ្មែរក្រោម ។

លោក ហេង សំរិន ថ្លែងទៅកាន់ភាគីវៀតណាម ហើយដែលត្រូវបានស្រង់សម្ដីដោយ លោក ឈាង វុន ដែលជាមន្ត្រីអមដំណើរថា៖

«ខ្មែរកម្ពុជាក្រោមមិនមែនចេះតែធ្វើបាតុកម្មនោះទេ ពួកគាត់ធ្វើបាតុកម្មដោយសារអ្នកនាំពាក្យស្ថានទូតវៀតណាមនិយាយមិនត្រូវរឿងប្រវត្តិសាស្ត្រ» ។

បើតាម លោក ឈាង វុន ដដែល លោក ហេង សំរិន មិនដែលសន្យាថា នឹងចាត់វិធានការមកលើបាតុកម្មរបស់ខ្មែរក្រោមនោះទេ ហើយថា សំណើររបស់រដ្ឋាភិបាលក្រុងហាណូយដែលទទួចឲ្យកម្ពុជាចាត់វិធានការនោះ ត្រូវបានលោក ហេង សំរិន ឆ្លើយតបទៅកាន់វៀតណាមថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ដូច្នេះសកម្មភាពបាតុកម្ម គឺជាសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋកម្ពុជា ។

លោក ឈាង វុន បានរំឭកពីកិច្ចប្រជុំរវាងលោក ហេង សំរិន និងថ្នាក់ដឹកនាំវៀតណាមមកបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា លោក ហេង សំរិន ៖

«ប្រធានរដ្ឋសភា លោកថា គេអាចបំភ្លេចប្រវត្តិសាស្ត្របាន ប៉ុន្តែគេមិនអាចកាឡៃប្រវត្តិសាស្ត្របានឡើយ» ។

ប្រសិនបើ លោក ហេង សំរិន មិនបាននិយាយអ្វីដូចសេចក្ដីអត្ថាធិប្បាយរបស់ទូរទស្សន៍ជាតិវៀតណាម (VTV) ដូចសម្ដីដែល លោក ឈាង វុន បានលើកឡើងមែននោះ ប្រទេសវៀតណាម និង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម សមណាស់នឹងបាន ទទួលពានរង្វាន់ស្ដីពី “អ្នកដែលពូកែ និង ជំនាញខាងនាំដំណឹងបោកប្រាស់” ពីសហគមន៍អន្តរ ជាតិជាក់ជាមិនខាន ។

ប្រាកដណាស់ គេអាចសង្កេតឃើញផ្លែផ្កាជាក់ស្ដែងដែលកើតចេញពី “ការលាក់បាំងប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម” ពីសំណាក់ជនជាតិយួន និង “ការបោកប្រាស់របស់ប្រព័ន្ធឃោសនារដ្ឋវៀតណាម” បានធ្វើឲ្យជនជាតិយួន ក្លាយទៅជាមនុស្ សវង្វេងប្រវត្តិសាស្ត្រ និងក្លាយទៅជាមនុស្ស “កង្កែបក្នុងបាតអណ្ដូង” មិនបានដឹងពីសភាពការណ៍ នៃការរីកចម្រើនរបស់ពិភពលោកយ៉ាងណាឡើយ ។ ឧទាហរណ៍ដូចជា លោក ត្រឹង វ៉ាំង ថុង ជាដើម និយាយ ចេញមកត្រូវបានពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើបាតុកម្មថ្កោលទោសថា មនុស្ស “ មិនបានរៀនអំពីប្រវត្តិសាស្ត្រ” ជន ជាតិយួន និងថាជាមនុស្ស “បានបំភ្លេចនូវឫសគល់” របស់ជនជាតិយួន ដែលបានកើតចេញពីចោរសមុទ្រនៅ ប្រទេសចិន ។

យោងតាម សេចក្ដីថ្លែងការណ៍ជាភាសាយួននៅមុខស្ថានទូតវៀតណាមនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ ដោយ ព្រះតេជព្រះគុណ គង់ រតនៈ សារ៉ាយ បានបញ្ជាក់អំពីដើមកំណើតជនជាតិយួនប្រាប់ទៅលោក ត្រឹង វ៉ាំង ថុង ថា៖

«ដោយមានឫសគល់កើតចេញពីចោរសាមុទ្រ ទើបមានអត្ដចរិតឃោរឃៅ ល្មោភសង្គ្រាម ជនជាតិយួនអស់លោក បានបើកយុទ្ធនាការប្លន់ទឹកដីរបស់ជនជាតិផ្សេងៗ ។ មុនដំបូង [បានប្លន់ដី] របស់ជនជាតិមឿង ជនជាតិម៉ុង ជនជាតិចាម្ប៍ ជនជាតិម៉ុងតៃញ៉ា និងទីបំផុត គឺដែនដីកម្ពុជាក្រោមរបស់ជនជាតិខ្មែរ ដែលអស់លោកបានប្រើភាសា មួយឲ្យពីរោះស្ដាប់ថា “ដំណើរឆ្ពោះទៅទិសខាងត្បូងគឺការពង្រីកទឹកដី” » ។

លោកជា ត្រឹង វ៉ាំង ថុង ជាមន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ដែលមានតំណែងជា អ្នកនាំពាក្យផង និងជាទីប្រឹក្សានយោបាយផង នៅក្នុងស្ថានទូតវៀតណាមប្រចាំកម្ពុជា និយាយចេញមកត្រូវគេ ថ្កោលទោស យ៉ាងនេះទៅហើយ ចុះទម្រាំប្រជាជនយួនសាមញ្ញវិញ តើពួកគេក្លាយទៅជាមនុស្សយ៉ាងណាទៅ?

កុំថាឡើយ ក្រុមបាតុករខ្មែរបានថ្កោលទោសលោក ត្រឹង វ៉ាំង ថុង សូម្បីតែជនជាតិយួនខ្លួនឯង ក៏បានថ្កោល ទោសលោកថា ជាអ្នកកាទូតល្ងង់ល្ងីល្ងើ ជាអ្នកនាំពាក្យក្បត់នឹងការទូត និងថា ជាអ្នកការទូតយកភ្លើងដុតផ្ទះខ្លួន ឯងឲ្យកើតចលាចល ទៀតផង ។

លោក ង្វៀង ស្វឹង ណាម (Nguyen Xuan Nam) នាយកប្រព័ន្ធព័ត៌មាន Cali Today ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានចាត់ទុក លោក ត្រឹង វ៉ាំង ថុង ថា ជាអ្នកនាំពាក្យក្បត់នឹងការទូត ព្រោះលោក ត្រឹង វ៉ាំង ថុង បានបញ្ឆេះភ្លើងដុតផ្ទះខ្លួនឯង ដោយបានបង្កើតឲ្យមានកំហឹងលើជនជាតិយួនកាន់តែខ្លាំងពីសំណាក់ជនជាតិ ខ្មែរ និងថា សម្ដីដែលលោក ត្រឹង វ៉ាំង ថុង បាននិយាយថា “ទឹកដីកម្ពុជាក្រោមជារបស់វៀតណាម តាំងពីយូរយារណាស់មកហើយ” នោះ ទីមួយមិនមានប្រយោជន៍ ទីពីរមិនគួរនិយាយ និងទីបីមិនចំពេលវេលា ។

លោក ង្វៀង ស្វឹង ណាម បានវិភាគថា ៖

“ដូច្នេះ ទើបខ្ញុំថា សម្ដី លោក ត្រឹង វ៉ាំង ថុង ថ្លែងនេះ វាខ្វះនូវការថ្លឹងថ្លែងឲ្យបានល្អិតល្អន់ ខុសពីគោលការណ៍របស់ អ្នកការទូត ។ យើងដាក់សំនួរថា ក្រោយពេលថ្លែងរួច អ្នកបានទទួលអ្វី បើមិនថ្លែង វាបានអ្វី? ….ដូច្នេះ មិនមានអ្នកការទូតណាម្នាក់ល្ងង់ល្ងីល្ងើរហូតដល់ទៅបង្កាត់ភ្លើងដុតផ្ទះ បង្កើតទៅជាចលាចលនោះទេ” ។

សរុបមក ប្រសិនបើ ប្រព័ន្ធឃោសនារដ្ឋវៀតណាមនៅតែ “នាំដំណឹងបោកប្រាស់” ជូនដល់ប្រជាជនយួនខ្លួនឯង និងក្រសួងអប់រំវៀតណាម នៅតែមិនព្រមសរសេរ “ប្រវត្តិពិតដែនដីកម្ពុជាក្រោម” ឲ្យសិស្ស និស្សិតវៀតណាម បានរៀនសូត្រទេនោះ វាប្រាកដណាស់ថា ជនជាតិយួននឹងក្លាយទៅជាមនុស្សល្ងីល្ងើ ដូចជា លោក ត្រឹង វ៉ាំង ថុង ទូទាំងប្រទេសជាក់ជាមិនខាន ៕

Leave a Reply