តម្រាជីវិត

damra-jivit-2

អហំ ខ្ញុំ ថាច់ ប្រីជា គឿន
សូមចារកាព្យក្រើនតឿនជីវិត
ដើម្បីសិក្សាបានសុខពិត
នៅក្នុងជីវិតប្រចាំថ្ងៃ ។
កំណាព្យឈ្មោះ “តម្រាជីវិត ”
ដែលខ្ញុំបានផ្ចិតផ្ចង់សំភី
រៀបរៀងជាក្បួនតម្រាថ្លៃ
ជូនជនប្រុសស្រីបានសិក្សា ។
ម្យ៉ាងទុកជាគ្រូដាស់សតិ
ក្រែងខ្ញុំប្រហែសធ្វេសចិន្ដា
ក្បួននេះជួយយោងយកអាសា
ឲ្យផុតវេរាពីគ្រោះកម្ម ។
ម្យ៉ាងតម្រានេះជាកញ្ចក់
ឲ្យខ្ញុំឆ្លុះមុខជាប្រចាំ
សាងខ្លួនឲ្យថ្លៃថ្លាឧត្ដម
រួចផុតភក់ជ្រាំត្រាំជីវិត ។
តម្រានេះខ្ញុំបានចងក្រង
សំអិតសំអាងតាមគំនិត
ទស្សនៈអ្នកប្រាជ្ញដែលរិះគិត
អត្ថន័យជីវិតក្នុងលោកា ។
ក្នុងនោះយោងតាមធម៌ព្រះពុទ្ធ
ជាផ្លូវវិសុទ្ធិផុតទុក្ខា
ដែលជនគ្រប់រូបកើតសទ្ធា
ដើរតាមមាគ៌ារម្ងាប់ចិត្ត ។
ម្យ៉ាងទៀតផ្សំនឹងទស្សនៈខ្មែរ
ទស្សនៈជាតិគេដែលល្អពិត
សរសេរជាកាព្យដាស់ជីវិត
មានន័យលម្អិតតទៅនេះ ។
អ្នកប្រាជ្ញបណ្ឌិតមានប្រាជ្ញា
មកពីឧស្សាហ៍រកតម្រិះ
ប្រឹងគ្រប់ជំហានមិនប្រហែស
សិក្សាចំណេះឥតងាករេ ។
មនុស្សល្ងង់ល្ងិតឥតប្រាជ្ញា
មកពីហ៊ឺហាលេងប៉ោឡែ
កាលនៅកុមារមិនគ្នាន់គ្នេរ
រៀនសូត្រនឹងគេរកវិជ្ជា ។
ប្រាជ្ញាជាពន្លឺភ្លឺចែង
ចាំងគ្រប់កន្លែងទោះអន្ធការ
ទាំងយប់ថ្ងៃភ្លឺគ្រប់វេលា
ញ៉ាំងមនុស្សម្នាមានតម្លៃ ។
ល្ងង់ខ្លៅជាទីអន្ធការ
ទោះព្រះសុរិយាបំភ្លឺថ្ងៃ
អវិជ្ជានាំងឹតឥតរស្មី
នាំជនប្រុសស្រីខ្លីគំនិត ។
គុណធម៌បង្កើតចេញមិត្តភក្តិ៍
មានចិត្តស្មោះស្ម័គ្រក្នុងជីវិត
ស្រឡាញ់រាប់អានមិនបានគិត
ប្រយោជន៍ខ្លួនពិតពីមិត្តថ្លៃ ។
ទ្រព្យសម្បត្តិ និង យសស័ក្តិ
បានមិត្តអប្បលក្សណ៍រួមមេត្រី
ពេលធ្លាក់ខ្លួនក្រអស់តម្លៃ
ជនក្នុងលោកីយ៍ស្ដីបន្ទោស ។
ចំណេះវិជ្ជាថ្លៃជាងទ្រព្យ
ចាយទាំងថ្ងៃយប់មិនចេះអស់
ចាយកាន់តែច្រើនកើនប្រាជ្ញទស្សន៍
គំនិតចាក់ធ្លុះជ្រោះសង្គម ។
សុភមង្គលថ្លៃជាងវិមាន
ព្រោះគ្រួសារមានភាពសុខដុម
ប្ដីប្រពន្ធកូនចៅមូលជុំ
សង្គ្រោះអប់រំហ៊ុមដោយធម៌ ។
សច្ចៈរស់នៅដោយទៀងត្រង់
ជីវិតបានគង់វង្សបវរ
ទោះស្លាប់កេរ៉ិ៍ឈ្មោះនៅបន្ត
ក្រអូបពិដោរគ្រប់វេលា ។
រស់នៅវៀចវេរកេរ៉ិ៍ឈ្មោះស្អុយ
ស្លាប់ទាំងប្រថុយផុយជន្មា
នេះហើយស្លាប់មុនរស់នោះណ៎ា
ជីវិតអសារអសោចកេរ៉ិ៍ ។
ខ្ជះខ្ជាយនាំឲ្យក្ររហាម
រហេមដេញតាមទុក្ខឥតល្ហែ
លក់គ្មានសល់អ្វីទោះដីកេរ
ក្រនោះព្រោះតែ “ក្រគំនិត” ។
អ្នកមានសណ្ដាប់តែងមានទ្រព្យ
ព្រោះគេប្រសប់រាប់គន់គិត
មាននេះហៅថា “មានគំនិត”
ចេះច្នៃប្រដិតគិតទុកដាក់ ។
ស្គាល់ខ្លួនពេលជួបទុក្ខអាសន្ន
យល់មិត្តពេលខ្លួនជួបគ្រោះថ្នាក់
ឆ្មើងឆ្មៃខ្លាំងពេកបាត់មិត្តភក្តិ៍
ងាយស្រួលខ្លាំងពេកគេមើលងាយ ។
ទន់ជ្រាយខ្លាំងពេកគេជិះជាន់
រឹងហួសប្រមាណត្រូវបាក់ងាយ
កោងកាចខ្លាំងពេកនាំអន្តរាយ
ខូចការសម្ទាយព្រោះអន្ទះសា ។
ប្រញាប់ប្រញាល់នាំរអិល
មានទុក្ខអំពល់ព្រោះសន្យា
លោភលន់អំណាចនាំផ្ដាច់ការ
កើតក្ដីហិង្សាព្រោះឆេវឆៅ ។
ចង់បាននាំប្រាណទុក្ខអនេក
លុយសល់ច្រើនពេកខូចកូនចៅ
ចិត្តស្ងប់ជីវិតផុតសោកសៅ
ជាប់គុកព្រោះខ្លៅធ្វើទុច្ចរិត ។
កើតមកជាអ្នកចង់បានតិច
នាំកើតទុក្ខតិចក្នុងជីវិត
អ្នកចង់បានច្រើនទុក្ខច្រើនពិត
ទុក្ខមួយជីវិតឥតស្រាកស្រាន្ត ។
អ្នកដែលចង់បានអ្វីគ្រប់សព្វ
កើតទុក្ខលើសលុបហួសប្រមាណ
ទុក្ខគ្រប់ៗជាតិគ្មានសុខសាន្ត
ទុក្ខជាប់ក្នុងដានវដ្តសង្សារ ។
កើតមកជាអ្នកលះបង់តិច
បានក្ដីសុខតិចក្នុងចិន្តា
អ្នកដែលលះបង់ច្រើនកាលណា
បានក្ដីសុខាច្រើនអនេក ។
អ្នកដែលលះបង់អ្វីគ្រប់សព្វ
បានក្ដីសុខស្ងប់ចប់តម្រេក
បានដល់ឋានសុខក្នុងវិវេក
ជាក្ដីសុខឯកព្រះនិព្វាន ។
ភ្លេចខ្លួនពេលបានជ័យជំនះ
ខ្មាំងបានឱកាសចូលឈ្លានពាន
ភ្ញាក់ឡើងតតាំងឥតវិធាន
ខ្មាំងចូលទន្ទ្រានដល់បន្ទាយ ។
ពេលឃើញសត្រូវចាញ់ដកទ័ព
ត្រូវមើលឲ្យសព្វកុំដេញងាយ
ក្រែងជាប់អន្ទាក់គេដាក់រាយ
ជួបគ្រោះអន្តរាយចាញ់វក់វី ។
ទោះមានកម្លាំងខ្លាំងយ៉ាងណា
ច្បាំងឈ្នះបច្ចាគ្រប់ទិសទី
ត្រួតត្រាមនុស្សលោកក្នុងផែនដី
មិនស្មើជោគជ័យឈ្នះខ្លួនឯង ។
មានទុក្ខទើបមានទុនគំនិត
កើតព្រួយរួបរឹតចិត្តចម្បែង
ធ្លាប់ក្រអត់ឃ្លានរស់ផ្សងព្រេង
ទើបយល់គេឯងក្រែងជីវិត ។
ពេលជុំគ្នាត្រូវប្រយ័ត្នមាត់
ខ្លាចក្រែងភ្លាំងភ្លាត់មិនបានគិត
សម្ដីពោលហួសខុសពាក្យពិត
នាំរកាំចិត្តអ្នកភូមិផង ។
ពេលនៅម្នាក់ឯងរែងពិនិត្យ
ប្រយ័ត្នគំនិតឲ្យហ្មត់ហ្មង
ចិត្តនាំកាយធ្វើគ្រប់ទំនង
ល្អអាក្រក់ផងមកពីចិត្ត ។
ជីវិតដែលកូនមានសព្វថ្ងៃ
ព្រោះឪពុកម្ដាយអ្នកបង្កើត
ចិញ្ចឹមបីបាច់ដោយស្នេហ៍ស្និទ
ប្រកដដោយចិត្តព្រហ្មវិហារ ។
ចំណេះវិជ្ជាដែលខ្លួនមាន
ព្រោះគ្រូបង្រៀននៅសាលា
ជាមូលដ្ឋានគ្រឹះឫស្សប្រាជ្ញា
សិស្សអាចពិចារណ៍ការណ៍វែងឆ្ងាយ ។
ធ្វើគុណដាក់គេទោះច្រើនតិច
គប្បីបំភ្លេចកុំអាល័យ
បានគុណពីគេទោះតិចក្ដី
ក្នុងចិត្តគប្បីកត់ចំណាំ ។
វេលាថ្លៃជាងនាឡិកា
វាតែងយាត្រាមិនរង់ចាំ
ថ្ងៃនេះមានម្ដងត្រូវខិតខំ
មិនអាចបញ្ចាំទិញបានឡើយ ។
គ្មានជំងឺល្អជាងមានលាភ
ដំណេកមានប្រៀបជាងពូកខ្នើយ
សុខភាពមិនអាចទិញបានឡើយ
គ្រែពូកមានហើយដេកមិនលក់ ។
ចេះចាត់ចែងគ្នាច្រើនមូលមី
បង្កើនសាមគ្គីបានក្ដីសុខ
ចាត់ខុសទំនងនាំអុកឡុក
សង្គមវីវក់ល្អក់កករ ។
រើបំរះពេលត្រូវជិះជាន់
ផ្ដាច់ការពេកពន់នាំវឹកវរ
ពលរដ្ឋឈឺចាប់ក្រោកបះបោរ
កម្រើកនគរប្ដូរមន្ត្រី ។
រាស្ត្ររស់តែលតោលគ្មានគោលដៅ
ព្រោះមន្ត្រីខ្លៅឥតសំភី
យករដ្ឋសភាជាតិធ្វើមន្ទីរ
ជួញដូររកស៊ីលើខ្នងរាស្រ្ត ។
ជីវិតប្រជាបានប្រសើរ
ព្រោះមន្ត្រីធ្វើតំណាងរាស្ត្រ
គិតគូររឿងជាតិដោយរវាស
រវៃឆ្លាតឈ្លាសគ្រប់ស្ថាប័ន ។
សង្គមមើលឃើញតែបុណ្យស័ក្តិ
មាសពេជ្រលុយកាក់ក្រៅខ្លួនប្រាណ
នាំឲ្យមើលងាយនិងប្រកាន់
ចិត្តគ្មានសន្ដានជិះជាន់គ្នា ។
សង្គមដែលមើលឃើញតម្លៃ
ចិត្តមនុស្សប្រុសស្រីដោយឫកពា
មើលឃើញខ្លឹមមនុស្សមានខ្លឹមសារ
តែងគោរពគ្នាដោយគុណធម៌ ។
ជួយទៅ ប្រសិនមានលទ្ធភាព
កុំគិតខ្ពស់ទាបអាក្រក់ល្អ
ជីវិតមានន័យព្រោះមានធម៌
ដោយបានធ្វើល្អដល់គេឯង ។
ឲ្យទៅ កុំបីស្ដាយរបស់
អាយុគង់អស់ទៅឯកឯង
ជីវិតមានន័យព្រោះចេះបែង
ចែកទ្រព្យខ្លួនឯងដល់អ្នកក្រ ។
ស្រឡាញ់ទៅ ទោះបីគេស្អប់
ច្រណែនធុញថប់ឬលាបពណ៌
ជីវិតមានន័យថ្លៃបវរ
ព្រោះចិត្តមានធម៌ចេះអត់ទោស ។
មនុស្សល្អអាក្រក់ព្រោះទង្វើ
ដែលខ្លួនបានធ្វើដាំសាបព្រោះ
ពូជផ្អែមជូរចត់សាបឥតរស
វាតែងតែដុះតាមកម្មផល ។
ដាំភាពស្មោះត្រង់ក្នុងជីវិត
ដុះការទុកចិត្តឥតចម្ងល់
និយាយកុហក់អកុសល
បានការងឿងឆ្ងល់លែងទុកចិត្ត ។
ប្រសិនបើយើងដាំចិត្តល្អ
មនុស្សម្នាត្រេកអររួមស្នេហ៍ស្និទ្ធ
ដាំចិត្តអប្រីយ៍កំណាញ់ស្វិត
គេលែងហ៊ានជិតនៅម្នាក់ឯង ។
ដាំការគោរពឱនលំទោន
បានញាតិបងប្អូនស្ងើចកោតក្រែង
ធ្វើឫកក្អេងក្អាងដាក់គេឯង
នឹងត្រូវចម្បែងអន្តរាយពិត ។
ព្យាយាមអត់ធ្មត់ចិត្តខន្តី
នាំមកជោគជ័យក្នុងជីវិត
ដាំខ្ជិលច្រអូសដួលផ្ដេកផ្ដិត
ក្រមួយជីវិតរឹតទុក្ខា ។
ដាំការអត់ទោសអ្នកដទៃ
បានសុខប្រពៃដោយផ្សះផ្សា
ដាំការគុំកួនចិត្តឫស្យា
បានក្ដីខ្លោចផ្សាវេរាកម្ម ។
ដាំក្ដីមេត្តានៅក្នុងចិត្ត
តែងបានស្នេហ៍ពិតឥតបន្លំ
ដាំទោសៈចិត្តខឹងក្តៅងំ
គេចងគុំនំរុំទុក្ខភ័យ ។
បើដាំចាគៈប្រឹងលះបង់
ចិត្តស្អាតផូរផង់ដាច់អាល័យ
ដាំលោភៈលោភលន់ពេកក្រៃ
នឹងជួបអន្តរាយរលាយទ្រព្យ ។
អរគុណជីវិតដែលមានទុក្ខ
ធ្វើឲ្យបានសុខយល់គ្រប់សព្វ
អរគុណជីវិតដែលគ្មានទ្រព្យ
ធ្វើឲ្យបានស្ងប់ឥតទុក្ខភ័យ ។
អរគុណជីវិតដែលភ័យខ្លាច
ធ្វើឲ្យអង់អាចមានស្មារតី
អរគុណជីវិតដែលបរាជ័យ
ធ្វើឲ្យជោគជ័យក្នុងកិច្ចការ ។
អរគុណជីវិតដែលស្មុកស្មាញ
ឲ្យចេះចម្រាញដោះបញ្ហា
អរគុណជីវិតជាទាសា
ឲ្យចេះតវ៉ាទាមទារសិទ្ធិ ។
អរគុណជីវិតអយុត្តិធម៌
ឲ្យចេះត្រដររកការពិត
អរគុណជីវិតដែលងងឹត
ឲ្យចេះរិះគិតរកភ្លឺច្បាស់ ។
អរគុណជីវិតក្រោមត្រួតត្រា
ឲ្យចេះតវ៉ារើបំរះ
អរគុណជីវិតត្រូវបោកប្រាស់
ធ្វើឲ្យយល់ច្បាស់ល្បិចចោលម្សៀត ។
អរគុណជីវិតបាត់ប្រទេស
ធ្វើឲ្យបានចេះស្រឡាញ់ជាតិ
អរគុណជីវិតដែលគ្មានញាតិ
ឲ្យយល់ការឃ្លាតរស់កំព្រា ។
អរគុណជីវិតឥតបញ្ញា
ឲ្យចេះស្រវារកវិជ្ជា
អរគុណជីវិតត្រូវនិន្ទា
ធ្វើឲ្យចិត្តជាបានមាំមួន ។
អរគុណជីវិតមានកំហុស
ធ្វើឲ្យយល់ទោសហើយកែខ្លួន
អរគុណជីវិតនិរទេសខ្លួន
ធ្វើឲ្យគាប់ចួនយល់ផ្លូវឆ្ងាយ ។
អរគុណជីវិតអនាថា
ឲ្យយល់លោកាធំទូលាយ
អរគុណជីវិតត្រូវពេបជ្រាយ
កុំឲ្យមើលងាយមនុស្សឯទៀត ។
អរគុណជីវិតដែលប្រេះឆា
ឲ្យយល់បញ្ហានៃវិវាទ
អរគុណជីវិតមនុស្សជាតិ
បានក្រេបរស់ជាតិនៃធម្មៈ ។
ល្ងង់ជាងគេនៅក្នុងជីវិត
គឺពោលមិនពិតឥតសច្ចៈ
បរាជ័យដ៏ធំយ៉ាងអាម៉ាស
គឺអួតមោទនៈពេលជោគជ័យ ។
អំណោយដែលប្រសើរបំផុត
គឺការអត់ធ្មត់ផ្តល់អភ័យ
ទ្រព្យដែលមិនអាចកាត់តម្លៃ
គឺសុខភាពថ្លៃ និងបញ្ញា ។
ជីវិតដែលមានទុក្ខពេកពន់
គឺការប្រច័ណ្ឌនិងឫស្យា
ភ្លើងក្ដៅបំផុតក្នុងលោកា
គឺចិត្តទោសាខឹងមិនគិត ។
ជីវិតក្ស័យធនគ្មានអ្វីផ្ទឹម
គឺអស់សង្ឃឹមនៅក្នុងចិត្ត
សត្រូវដ៏ធំនៃជីវិត
គឺខ្លួនឯងពិតនាំចម្បែង ។
កំហុសដែលធំធ្ងន់ពេកពិត
គឺលែងទុកចិត្តលើខ្លួនឯង
គួរឲ្យគោរពនិងកោតក្រែង
គឺចេះរអែងខុសកែខ្លួន ។
ជីវិតដែលមានបាបកម្មធ្ងន់
គឺរមិសគុណជនជួយខ្លួន
លទ្ធផលដែលល្អនិងមាំមួន
គឺការដែលខ្លួនចូលចិត្តធ្វើ ។
ត្រជាក់បំផុតក្នុងលោកា
គឺចិត្តមេត្តាសព្វសារពើ
ការលើកទឹកចិត្តដ៏ប្រសើរ
គឺប្រាប់ដំណើរដោយព្រះធម៌ ។
ថ្លង់ជាងគេនៅក្នុងជីវិត
គឺមិនយកចិត្តស្ដាប់ដោយល្អ
ក្លិនជាងគេស្អុយឬពិដោរ
គឺអំពើល្អ និងអាក្រក់ ។
បំណុលដែលធំសងមិនដាច់
គឺគុណបំណាច់ដ៏ស្មោះស្ម័គ្រ
ដឹងដ៏ពិសេសចេះជ្រៅរាក់
គឺដឹងប្រចក្សពីខ្លួនឯង ។
តំណែងដែលល្អក្នុងជីវិត
គឺដឹកនាំចិត្តត្រួតខ្លួនឯង
ខ្វាក់ជាងគេងឹតសព្វកន្លែង
គឺមិនរៀនបែងមើលពិចារណ៍ ។
ជាតិជាមនុស្សនៅក្នុងលោក
ពិបាកកើតមកក្រៃអស្ចារ្យ
មានជំងឺនៅក្នុងកាយា
ពិបាករក្សាទ្រព្យឲ្យគង់ ។
ចរិតដែលមនុស្សមានទម្លាប់
ពិបាកនឹងអបកែតម្រង់
ងាយបង្កើតអ្វីតាមខ្លួនចង់
ពិបាកគ្រប់គ្រងឲ្យបានល្អ ។
ទ្រព្យបានងាយដោយមិនធ្វើការ
ពិបាករក្សាគង់វង្សល្អ
ងាយរិះគន់ថាគេខ្មៅស
ពិបាកធ្វើល្អដោយខ្លួនឯង ។
កូនអកតញ្ញូរោទ៍កាច់នឹម
ពិបាកចិញ្ចឹមនាំចម្បែង
សន្យាដោយមិនបានថ្លឹងថ្លែង
ពិបាកក្រៃលែងនៅពេលធ្វើ ។
អ្នកកេងប្រវ័ញ្ចចម្រាញគិត
ពិបាកគប់មិត្តរួមដំណើរ
ខ្លាចពេកហ៊ានពេកគ្រប់ទង្វើ
ពិបាកនឹងធ្វើបានជោគជ័យ ។
ងាយតាក់តែងច្បាប់ឬក្រមក្រឹត្យ
ពិបាកអនុវត្តតាមសេចក្ដី
លាភយសធ្ងន់ជាងចិត្តមេត្រី
ពិបាកសាមគ្គីយោគយល់គ្នា ។
បំណុលកម្មដែលខ្លួនបានសាង
មិនអាចនឹងលាងរួចវេរា
សត្វលោកកើតស្លាប់គ្រប់អង្គា
មិនអាចធានារស់បានឡើយ ។
វេលាដែលកន្លងផុតទៅ
មិនអាចនឹងហៅឲ្យវិលឡើយ
សម្ដីដែលបានពោលហួសហើយ
មិនអាចទាញឡើយយកមកបាន ។
តណ្ហាសត្វលោកមិនទាន់ដាច់
មិនអាចកាត់ផ្ដាច់ទុក្ខរំខាន
ផ្ដាច់ការធ្វើឲ្យគេខ្លាចបាន
មិនអាចយកបានចិត្តស្មោះស្ម័គ្រ ។
អនាគតដែលមិនទាន់មកដល់
មិនអាចដឹងយល់ដោយប្រត្យក្ស
ការពិតដែលមានក្នុងលោកជាក់
មិនអាចនឹងលាក់អាថ៌កំបាំង ។

(នៅមានត)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s