ប្រវត្តិ​នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង ជា​មហេសី​យួន ​របស់ ព្រះបាទ ជ័យ ជេដ្ឋា ទី ២

​ដោយ ថាច់ ប្រីជា គឿន​

​អ្នក​ម្នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង (Nguyễn Phúc Ngọc Vạn (阮福玉萬) កើត​ប្រហែល​ឆ្នាំ ១៦០៥ ស្លាប់​ក្រោយ​ឆ្នាំ ១៦៥៨ ជា​បុត្រី​ទី ២ របស់​ស្ដេចត្រាញ់​យួន ង្វៀង ផុ​ក ង្វៀង (Nguyễn Phúc Nguyên) ដែល​កាន់អំណាច​ចាប់ពី​ឆ្នាំ ១៦១៣ ដល់ ១៦៣៥ ។ ឯកសារ​យួន​ខ្លះ​បានសរសេរថា អ្នក​ម្នាង​មិនមែនជា រាជបុត្រី គឺ កូន​របស់​ស្ដេច ទេ តែ​អ្នក​ម្នាង​គ្រាន់តែ​ជា​បុត្រី​របស់​មន្ត្រី ដែល​បាន បំបែក​រដ្ឋ​តាំងខ្លួន​ជា​ស្ដេច​នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម តែប៉ុណ្ណោះ ។​

ប្រវត្តិ​នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង ជា​មហេសី​យួន ​របស់ ព្រះបាទ ជ័យ ជេដ្ឋា ទី ២
ប្រវត្តិ​នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង ជា​មហេសី​យួន ​របស់ ព្រះបាទ ជ័យ ជេដ្ឋា ទី ២

នៅ​ឆ្នាំ ១៦២០ ស្ដេចត្រាញ់​យួន​ឈ្មោះ ង្វៀង ផុ​ក ង្វៀង បាន​ថ្វាយ នាង ង៉ុ​ក វ៉ាង ជា​បុត្រី​របស់ខ្លួន ទៅ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ជា​ព្រះមហា​ក្សត្រិយ៍ នៃ​ប្រទេស​កម្ពុជា ។ ការរៀប​អភិសេក នាង ង៉ុ​ក វ៉ាង ធ្វើជា​មហេសី​នោះ ដោយ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ចង់​ចង​សម្ពន្ធភាព​ជាមួយនឹង​ស្ដេច ត្រាញ់​យួន ត្រកូល ង្វៀង ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឥទ្ធិពល​របស់ សៀម មកលើ​ប្រទេស​ខ្មែរ នា ពេលនោះ ។ ដោយសារ​ចំណង​មេត្រីភាព​នេះហើយ ទើប​ស្ដេចត្រាញ់​យួន​ត្រកូល ង្វៀង មាន​ទីតាំង រឹងមាំ​សម្រាប់​ធ្វើសង្គ្រាម​តតាំង​ជាមួយនឹង​ស្ដេចត្រាញ់​យួន ត្រកូល ត្រិ​ន (Chúa Trịnh) នៅ​ភាគ ខាងជើង ហើយ​មានឱកាស​ឲ្យ​ជនជាតិ​យួន​ពង្រីក​ទឹកដី​ឆ្ពោះទៅ​ទិស​ខាងត្បូង​បន្តិច​ម្ដងៗ ចូលមក ទឹកដី​កម្ពុជា​ក្រោម បាន​យ៉ាង​ជោគជ័យ ។

​អ្នក​ម្នាង ង៉ុ​ក វ៉ាង ជា​បុត្រី​ទី ២ របស់ ស្ដេចត្រាញ់​យួន ង្វៀង ផុ​ក ង្វៀង និង នាង ម៉ាក ធី យ៉ា​យ (Mạc Thị Giai) ។ អ្នក​ម្នាង​មាន​បងប្អូន​ប្រុស​ចំនួន ១១ នាក់ និង​ស្រី ៤ នាក់ ។ ស្រី​ទាំង ៤ នាក់​នោះ រួមមាន​៖

​បុត្រី​ទី ១ ង្វៀង ផុ​ក ង៉ុ​ក ឡៀង (Nguyễn Phúc Ngọc Liên)
​បុត្រី​ទី ២ ង្វៀង ផុ​ក ង៉ុ​ក វ៉ាង (Nguyễn Phúc Ngọc Vạn)
​បុត្រី​ទី ៣ ង្វៀង ផុ​ក ង៉ុ​ក ខ្វា (Nguyễn Phúc Ngọc Khoa)
​បុត្រី​ទី ៤ ង្វៀង ផុ​ក ង៉ុ​ក ឌិន (Nguyễn Phúc Ngọc Đỉnh)

សូមបញ្ជាក់ថា ព្រះបាទ ជ័យ ជេដ្ឋា ទី ២ ឬ ពញា ញោម ប្រសូត នៅ ឆ្នាំ ១៥៧៦ សោយរាជ្យ​នៅ ឆ្នាំ ១៦១៨ រហូតដល់​សោយ​ទីវ​ង្គ​ត នៅ​ឆ្នាំ ១៦២៨ ក្នុង​ជន្មាយុ ៥២ ឆ្នាំ ជា​បុត្រ​របស់ ព្រះ​បរម​រាជា ទី ៨ ។ ទ្រង់​ជា​ស្ដេច​ខ្មែរ​ដែល​បាន​រើ​រាជធានី​ពី ស្រី​សន្ធរ មក​តាំងនៅ ឧត្ដុង្គ វិញ ហើយ​បាន​ចង សម្ពន្ធភាព​ជាមួយនឹង​រាជវង្ស ង្វៀង ជា​ស្ដេចត្រាញ់​របស់​យួន ដើម្បី​ប្រឆាំងនឹង​សៀម ។ ក្រោយពី ព្រះបាទ ជ័យ ជេដ្ឋា ទី ២ សោយ​ទីវ​ង្គ​តទៅ ព្រះ​ឧទ័យ ជា​មហាឧបរាជ ហើយ​ត្រូវជា​ប្អូនបង្កើត​របស់ ព្រះ​ជ័យជេដ្ឋា ទី ២ បាន​ដណ្ដើម​រាជ្យ​ពី​កូន ព្រះបាទ ជ័យជេដ្ឋា​ទី ២ ។ វិបត្តិ​រាជបល្ល​ង្ក​ដែល​កើត ចេញពី​ការដណ្ដើម​រាជ្យ​រវាង​ក្មួយ​និង​មា បង​និង​ប្អូន បាន​ផ្ទុះ​ជា​សង្គ្រាម​ក្នុងស្រុក ក្លាយទៅជា សោកនាដកម្ម​ដ៏​សោកសៅ​មួយ​ក្នុង​រាជវង្សានុវង្ស​ក្សត្រ​អង្គ​នេះ​តរៀងមក បានធ្វើ​ឲ្យ​សៀម និង​យួន លូកដៃ​ចូលលុកលុយ​ពុះ​ប្រទេស​កម្ពុជា ចេញ​ជា​ពីរ​ចំណែក ។​

​ព្រះបាទ ជ័យ ជេដ្ឋា ទី ២ មាន​មហេសី ចំនួន ៤ អង្គ គឺ​៖

​មហេសី ទី ១៖ អ្នក​ម្នាង សុ​ក្រិ​ត្យ (​សុក​) មាន​រាជបុត្រ​មួយអង្គ​គឺ ចៅ ពញា តូ ឡើង​សោយរាជ្យ មាន​នាម​ថា ធម្ម​រាជា ទី ២ ។ ឡើង​បន្ត​រាជ្យ​បន្ទាប់ពី​ព្រះបិតា​បាន​សោយ​ទីវ​ង្គ​ត ២ ឆ្នាំ គឺ សោយ រាជ្យ​ចាប់ពី​ឆ្នាំ ១៦២៩ ដល់ ១៦៣២ ។ ដោយសារ លប​មាន​ស្នេហា​ជាមួយនឹង​ប្អូនស្រី បិតា​ជាមួយ មាតា​ទីទៃ របស់ខ្លួន ទើបត្រូវ ព្រះ​ឧទ័យ ធ្វើឃាត ។​

​មហេសី ទី ២៖ អ្នក​ម្នាង ថង ឬ អ្នក​ម្នាង ធានី មាន​រាជបុត្រ និង រាជបុត្រី ២ អង្គ គឺ ទី ១ ចៅ ពញា នូ ឡើង​សោយរាជ្យ​ចាប់ពី​ឆ្នាំ ១៦៣២ ដល់ ១៦៤០ មាន​នាម​ថា អង្គ​ទង​រាជា និង ទី ២ រាជបុត្រី ឈ្មោះ អង្គ​វ​តី ។​

​មហេសី ទី ៣៖ អ្នក​ម្នាង បុស្បា ជា​ជនជាតិ​លាវ មាន​ព្រះរាជបុត្រ ១ អង្គ គឺ ចៅ ពញា ចន្ទ ឡើង សោយរាជ្យ​មាន​នាម​ថា រាមា​ធិបតី ទី ១ ។ ធ្វើឃាត ព្រះ​បទុម​រាជា ទី ១ ត្រូវជា​បងប្អូនជីដូន​មួយ ហើយ​ឡើង​សោយរាជ្យ ចាប់ពី ឆ្នាំ ១៦៤២ ដល់ ១៦៥៨ ។

​មហេសី ទី ៤៖ ព្រះ​នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង ជា​ជនជាតិ​យួន ត្រូវបាន​គេ​ប្រទាន​ព្រះបរមនាម​ថា ព្រះ​ម៉ែ សម្ដេច ភគវតី ព្រះ​ស្រី វរ​រាជិនី ក្ស​ត្រី​យ៍ ហៅថា អ្នក​អង្គ ចូ​វ មាន​រាជបុត្រី ២ អង្គ គឺ​៖

​ទី ១ ព្រះ​នាង អម្ចាស់ នា បុស្បា​វ​តី ក្ស​ត្រី​យ៍ ហៅ អង្គ ញ៉ា យួន​ហៅថា ព្រះ​នាង ង៉ុ​ក ញ៉ា (Ngọc Nhã) ត្រូវបាន​គេ​គ្រោង​រៀប​អភិសេក​ជាមួយនឹង​បងប្រុស បិតា​ជាមួយ​មាតា​ទីទៃ គឺ ចៅ ពញា តូ តែ បែរជា​ត្រូវ​រៀប​អភិសេក​ឲ្យ​ធ្វើជា​មហេសី​ទី ២ របស់ ព្រះ​ឧទ័យ ដែល​ត្រូវជា​មាបង្កើត​របស់ខ្លួន​ទៅ វិញ ។ ដោយសារ ក្រោយមក ព្រះ​នាង អង្គ ញ៉ា លប​មាន​ស្នេហា​ជាមួយនឹង ចៅ ពញា តូ ឬ ព្រះ​ធម្ម​រាជា ទី ២ ទើប ព្រះ​ឧទ័យ បានសម្លាប់​អ្នក​ទាំងពីរ​នេះ​ចោល ។​

​ទី ២ ព្រះ​នាង ទេវី បញ្ញា ត្រូវបាន​រៀប​អភិសេក​ជាមួយនឹង ព្រះ​បទុម​រាជា ទី ១ ឬ អង្គ ន​ន្ទ ត្រូវ ជា​បុត្រ​របស់ ព្រះ​ឧទ័យ ។ នៅ​ឆ្នាំ ១៦៤២ ចៅ ពញា ចន្ទ ជា​បុត្រ​ទី ៣ របស់ ព្រះបាទ ជ័យ ជេដ្ឋា ទី ២ បានធ្វើ​ឃាត ព្រះ​ឧទ័យ ត្រូវជា​មា ធ្វើឃាត អង្គ ន​ន់ និង ព្រះ​នាង ទេវី បញ្ញា ដែល​ត្រូវ ជា​បងប្អូន​ជីដូនមួយ និង​បង្កើត ហើយ​ឡើង​សោយរាជ្យ មាន​នាម​ថា ព្រះ​រាមា​ធិបតី ទី ១ ។ ព្រះ បទុម​រាជា ទី ១ និង ព្រះ​នាង ទេវី បញ្ញា មាន​បុត្រ​មួយអង្គ ព្រះ​បទុម​រាជា ទី ២ ឬ ព្រះបាទ ជ័យ ជេដ្ឋា ទី ៣ ។​

​យោងតាម ឯកសារ​យួន ក្រោយពី ព្រះបាទ ជ័យ ជេដ្ឋា ទី ២ សោយ​ទីវ​ង្គ​ត អ្នក​ម្នាង ង៉ុ​ក វ៉ាង បាន​វិលត្រឡប់​ទៅ​រស់នៅ​តំបន់​ស្វាយ​កោង ហើយ​ហួស​ទៅ​ខេត្ត​ព្រះ​សួគ៌ា ឬ ខេត្ត​បា​រៀ សព្វថ្ងៃ ។ ក្រោយមក អ្នក​ម្នាង​បាន​ឲ្យ​គេ​សាង​វត្ត​យួន​មួយ​ឈ្មោះ វត្ត​យ៉ា​ឡាវ (Gia Lào) នៅ​ភ្នំ​ចឿ​ចាង (Chứa Chan) នា​ខេត្ត ដូន​ណៃ (Đồng Nai) ហើយ​បាន​បួស​ជា​ដូនជី​រហូតដល់​ស្លាប់ ក្នុង​ជន្មាយុ ៥៣ ឆ្នាំ ។​

​និយាយ​អំពី ស្ដេចត្រាញ់​យួន ង្វៀង ផុ​ក ង្វៀង ជា​បិតា​របស់​អ្នក​ម្នាង ង៉ុ​ក វ៉ាង វិញ បាន បានទទួល ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ជាតិ​យួន​តាមរយៈ​ចំណង​សម្ពន្ធភាព​នេះ ។​

​តាម​ឯកសារ​យួន​បាន​បញ្ជាក់ថា ដោយសារតែ​ឥទ្ធិពល​របស់​អ្នក​ម្នាង ង៉ុ​ក វ៉ាង ទើប​ស្ដេច ជ័យ ជេដ្ឋា ទី ២ បាន​ប្រទាន​ដល់​ជនជាតិ​យួន​នូវ​តំណែង​សំខាន់ៗ​នៅក្នុង​រាជការ នៃ​ក្នុង​នគរ​កម្ពុជា​, ឲ្យ​ជន ជាតិ​យួន​បង្កើត​រោងចក្រ និង​ផ្សារ​នៅ​ជិត​ទីក្រុង និង​អនុញ្ញាត​ឲ្យ​បង្កើត​ប៉ុស្តិ៍​យកពន្ធ​ពាណិជ្ជកម្ម ចំនួន ២ កន្លែង​នៅ ព្រៃនគរ និង កោះក្របី ។​

​នៅ​ឆ្នាំ ១៦២៣ ស្ដេច​យួន​បាន​បញ្ជូន​បេសកជន​មួយក្រុម មក​ក្រាបបង្គំ​សុំ​ស្ដេច​ខ្មែរ​អនុញ្ញាត ឈប់ យកពន្ធ​អាករ​នានា​ក្នុង​ភូមិភាគ​ក្រុង​ព្រៃនគរ ។ ដោយ​ស្រលាញ់​ប្រពន្ធ​ស្រស់​ល្អ និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច ជ័យ ជេដ្ឋា​ទី ២ ក៏បាន​អនុញ្ញាត​តាម​ពាក្យសុំ​របស់​ស្ដេច​យួន ។​

​តាំងពី​ពេលនោះ​មក ជនជាតិ​យួន​ចាប់ផ្ដើម​ហូរ​ចូលមក​រស់នៅ​លើទឹក​ដី​ខ្មែរ​បន្តិច​ម្ដងៗ រហូត​ទាល់តែ​ទឹកដី​កម្ពុជា​ក្រោម ទាំងមូល​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ទាំងស្រុង ទើស​សព្វថ្ងៃនេះ ៕

Leave a Reply