ប្រវត្តិ​ ​វត្ត​កោះ​កែវ​សិរី (​កោះ​) ព​. ស​. ១១៥៧ គ​. ស​. ៦១៣

ដោយ ថាច់ ប្រីជា គឿន

កោះ​កែវ​សេរី ជា​វត្ត​ខ្មែរ​មួយ​ក្នុងចំណោម​វត្ត​ទាំង ១៤៣ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ឋិត​នៅក្នុង​សង្កា​ត់ទី ៨ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង បាន​កកើត ឡើង​នៅ ថ្ងៃ​សុក្រ ៤ កើត ខែមាឃ ឆ្នាំខាល ព​. ស​. ១១៥៧ គ​. ស​. ៦១៣ ដើម​សតវត្សរ៍​ទី ៧ នៃ​គ្រឹ​ស្ត​សករាជ ក្នុង​រាជ្យ ព្រះ បាទ ម​ហេ​ន្ទ្រ​វ​ម៌្ម ទី ១ សោយរាជ្យ​ពី ឆ្នាំ ៥៩៨ ដល់ ៦១០ នៃ​អាណាចក្រ​ចេនឡា ។​

​យោងតាម​ឯកសារ​ប្រវត្តិ វត្ត​កោះ​កែវ​សេរី (​កោះ​) បាន​ចារ​ថា វត្ត​នេះ បានកកើតឡើង​ដោយ​ស្នា​ព្រះ​ហ​ស្ថ ព្រះតេជព្រះគុណ ព្រះនាម យោគ ជា​ព្រះចៅអធិការ​វត្ត ព្រមទាំង លោកតា នាម កែវ ជា​ប្រធាន​វត្ត រួម​ជាមួយនឹង​អ្នកស្រុក​ដែល​រស់នៅ​តាម​ជាយ​ដំបូក​កោះ​នានា នៅ​ជិត​វត្ត​នេះ ។ វត្តមាន​ផ្ទៃដី​ប្រមាណ ៣៩.៦១០ ម៉ែត្រការ៉េ ។

“​កោះ​កែវ​សិរី​” ជា​ឈ្មោះ​ពេញ​របស់​វត្ត តែ​អ្នកស្រុក​និយម​ហៅថា “​វត្ត​កោះ​”​ៗ តរៀងមក ។ ពាក្យ “​កោះ​កែវ​សី​រី​” ចែកចេញជា ៣ សព្ទ គឺ កោះ ១ កែវ ១ និង សិរី ១ ។​

​ពាក្យ​ថា “​កោះ​” នៅក្នុង​វចនានុក្រម​ខ្មែរ មានន័យថា “​ទី​ដី ឬ ភ្នំ ដែលមាន​ទឹក​ព័ទ្ធ​ជុំ វិញ​” ។ សព្វថ្ងៃ វត្ត​កោះ​កែវ​សិរី មិនមែន​ឋិត​នៅលើ​ដី​កោះ​ទេ តែ​ឋិត​នៅលើ​ដី​ទួល​នៅក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ជាប់​នឹង​ផ្លូវជាតិ លេខ ៥៣ ពី​ខេត្ត​ព្រះ​ត្រពាំង​ទៅ ទីក្រុង​ព្រៃនគរ ។

​យោងតាម​ឯកសារ​វត្ត​កោះ កាលពីដើម​តំបន់​នេះ មាន​ដំបូក ឬ ទីទួល ចំនួន ៥ គឺ ៖

១. ដំបូក​កោះ​គោក នៅត្រង់ វត្ត​កោះ​កែវ​សិរី សព្វថ្ងៃ
២. ដំបូក​អ្នកតា​អង្គរ នៅត្រង់ ស្រះ​គូ​
៣. ដំបូក​អ្នកតា​ដំបូក នៅក្បែរ​ផ្សារ​ព្រះ​ស្រែ
៤. ដំបូក​អ្នកតា​ប្រាំពីរ នៅ​ចំ​ផ្ទះ​យាយ​សល
៥. ដីដំបូក​អ្នកតា​មោក្ខ នៅ​ខាងជើង វត្ត​នាគ​វនា​រាម ហៅ​វត្ត ខ្ទឹង គឺ កន្លែងផ្ទះ​អ្នកតា សព្វថ្ងៃ ។​

ពាក្យ​ថា “​កែវ​” ជា​ឈ្មោះ​របស់​ញោមវត្ត ឬ អ្នកបង្កើត​វត្ត ។ ក្រៅពី​បង្កើត​វត្ត តា កែវ និង​បងប្រុស​របស់គាត់​ឈ្មោះ តា កែ​ត ជា​អ្នកបង្កើត​ភូមិ​កោះ នេះ​ផងដែរ ។ តា កែ​ត បាន​ស្លាប់​មុន​ការកសាង​វត្ត ។ តា កែវ បាន​ចំណាយ​កម្លាំងកាយ ទ្រព្យ ដើម្បី​ជួយ​ផ្ដួចផ្ដើម កសាង​វត្ត​ឡើង ។ ហេតុនេះ អ្នកស្រុក​និយម​ហៅ ភូមិ​កោះ ឬ ដំបូក​កោះ​គោក ថា កោះ តាកែវ ឬ កោះ​តាកែ​ត ឬក៏​ហៅថា វត្ត​កោះ​តាកែវ ឬ វត្ត​កោះ​តាកែ​ត ព្រោះថា ដំបូក​កោះ​គោក នោះ​ជាទី​ទួល​ខ្ពស់ ដែល តា កែ​ត គាត់​មក​រស់នៅ​មុនគេ ។​

​ពាក្យ​ថា “​សិរី​” ជា​ភាសាបាលី មានន័យថា លម្អ​ដែល​គួរ​ឲ្យ​ស្រឡាញ់​, សួស្ដី​, ស្រីសួស្ដី​, មង្គល​, ជោគ​, សេចក្ដីសុខ​, សេចក្ដីចម្រើន ឬ អំពី​បុណ្យ ជាដើម ។ យោងតាម​ឯកសារ វត្ត​បានបញ្ជាក់​ពាក្យ “​សិរី​” ក្នុង​ទីនេះ​ថា លម្អ​ដែល​គួរ​ឲ្យ​ស្រឡាញ់​ពេញចិត្ត​ក្នុង​បុណ្យ នៃ​សម្ដី​ថ្វីមាត់​ក្នុងការ​ដឹកនាំ​អំពាវនាវ​ឃោសនា​អ្នកស្រុក ឬ បរិស័ទ​គ្រប់ទិសទី​ឲ្យ​មកជួយ​កសាង​វត្ត​នេះ​ឡើង ដោយ​ព្រះចៅអធិការ ព្រះនាម យោគ និង តា​ញោមវត្ត នាម កែវ ។

​ពេល​វត្ត​កសាងបាន​ព្រះវិហារ​រួចហើយ អ្នកស្រុក​ក៏បាន​យាង ព្រះ បទុម​វង្ស ដែល​គង់នៅ អង្គររាជ​បូរី មក​ធ្វើជា​រាជ​ធិបតី នៃ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា ផងដែរ ។ អ្នកស្រុក​ដែល​បាន​ចូលរួម​ពិធីបុណ្យ​នេះ​រួមមាន អ្នករស់នៅ​ភូមិ​ជាយ​ដំបូក​នានា ដូចជា ភូមិ​ដំបូក ភូមិ​ពិសី​ពិសេស អ្នកតា​អង្គរ អ្នកតា​មោក្ខ ជាដើម ហើយ​បានរួម​យោបល់​គ្នា​ប្រសិទ្ធិ​នាម​វត្ត​ថា “​វត្ត​កោះ​កែវ​សិរី” ។

តាំងពី​កកើត​វត្ត​រហូតមកដល់​សព្វ​ថ្ងៃ បាន​ឆ្លងកាត់​ព្រះចៅអធិការ​ចំនួន ៣៦ ជំនាន់ ។ ព្រះតេជព្រះគុណ ព្រះនាម យោគ ជា​ព្រះចៅអធិការ​ដំបូង​នៃ​ការកសាង​វត្ត​នេះ ក្នុង​រវាង ព​. ស​. ១១៥៧ គ​.​ស​. ៦១៣ ដល់ ព​. ស ១១៩៩ គ​. ស​. ៦៥៥ ព្រះអង្គ​បាន​សុគត បន្ទប់​ពី​គ្រប់គ្រង​វត្ត​បាន ៤២ វស្សា ។ នៅ ព​. ស​. ១១៨៥ គ​.​ស​. ៦៤១ ព្រះអង្គ​បាន កសាង​ចេតិយ​មួយ​នៅ​ខាងកើត​ព្រះវិហារ ។ ព្រះចៅអធិការ​ទី ៣៦ បច្ចុប្បន្ន មាន​នាម ថា សច្ច​សុន្ទរោ ហៅ ហឿង ហៅ ភុ​ក ។

ព្រះវិហារ​ដែល​បាន​កសាង លើក​ទី ៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ ព្រះតេជព្រះគុណ ព្រះចៅអធិការ​ជំនាន់ ទី ៣៣ ព្រះនាម ស៊ើ​ង ងួន ដែលមាន​ដើមកំណើត​នៅ​ភូមិ​ប្រាសាទ​លិច (Ấp Cổ Tháp A, Xã Nguyệt Hóa, Châu Thành, Tra Vinh ) ។ ព្រះអង្គ​បាន​រុះរើ​គ្រឿង​ឈើ​នៃ​ព្រះវិហារ​ដែល​ចាស់​ទ្រុឌទ្រោម ហើយ​ជួសជុល​ឡើងវិញ ។​

មកដល់​ឆ្នាំ ២០១២ ព្រះចៅអធិការ​វត្ត ព្រះនាម ភុ​ក ព្រះសង្ឃ គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ បាន​មូលមតិ​គ្នា​ទូល​ស្នើ​ទៅ​គណៈ​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង ក្នុងនោះ​មាន​ព្រះ​ឧបជ្ឈាយ៍ ថាច់ សុខ សាន្ត ដើម្បី​កសាង​ព្រះវិហារ​ថ្មី ។ ព្រះវិហារ​ដែល​បាន​កសាង​ថ្មី​បាន​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​គ្រួសារ លោក ត្រឹម បេ និង​បាន​បញ្ចុះ​ខណ្ឌសីមា​ចំនួន ៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ អង្គា​រ៍ ៨ កើត ខែផល្គុន ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ ។

ពេល​រុះរើ​ព្រះវិហារ​ចាស់​ដើម្បី​កក​សាង​ព្រះវិហារ​ថ្មី​ចុងក្រោយ​នេះ គេ​បាន​ប្រទះឃើញ​វត្ថុ​បុរាណ​ជាច្រើន​ប្រភេទ​ដែល​គេ​បាន​កប់​ទុក​ក្នុង​ខឿន​ព្រះវិហារ​ចាស់ ដូចជា ព្រះខាន់ ចិញ្ចៀន ប្រាក់​កាក់ ក្រវិលដៃ​ក្រវិក​ជើង សិលាចារឹក និង​គ្រឿងអលង្ការ​ជាច្រើន​ប្រភេទ ដែល​ធ្វើ​ពី​មាស ស្ពាន់ និង​ប្រាក់ ជាដើម ។​

មកដល់ ព​. ស​. ២៥៦១ គ​. ស​. ២០១៧ វត្ត​កោះ​កែវ​សិរី ហៅ​វត្ត​កោះ មាន​អាយុ ១៤០៤ ឆ្នាំ ៕

……………..

​កែសម្រួល​ចេញពី​ឯកសារ ប្រវត្តិ​កោះ​កែវ​សិរី (​កោះ​) ដែល​ផ្ញើមក​ការិយាល័យ វិទ្យុ សំឡេង​កម្ពុជា​ក្រោម​

Leave a Reply