អំពីម្ចាស់ប្លក់

ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)
Bhikkhu Thach Preichea Koeun (Sudhammappanno)
កើត ថ្ងៃសោរ៍ ១៥ កើត ខែបុស្ស ឆ្នាំ រកាត្រីស័ក ព. ស. ២៥២៥ ត្រូវនឹងថ្ងៃទី ២០ ខែមករា គ. ស. ១៩៨១ ។
កន្លែងកំណើត ភូមិឈើទាល (Giồng Dầu) ឃុំក្រសាំង (Hòa An) ស្រុកកំពង់ស្ពាន (Cầu Kè)
ខេត្តព្រះត្រពាំង (Trà Vinh) កម្ពុជាក្រោម ។

tpk-19825

កំណត់ហេតុ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

ខ្ញុំ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) កើត នៅថ្ងៃសោរ៍ ១៥ កើត ខែបុស្ស ឆ្នាំ រកា ត្រីស័ក ព. ស. ២៥២៥ ត្រូវនឹងថ្ងៃ ទី ២០ ខែមករា គ. ស. ១៩៨១ ។

ស្រុកកំណើត នៅភូមិឈើទាល (Giồng Dầu) ឃុំក្រសាំង (Hòa An) ស្រុកកំពង់ស្ពាន (Cầu Kè) ខេត្តព្រះ ត្រពាំង (Trà Vinh) ដែនដីកម្ពុជាក្រោម ។
ញោមប្រុសឈ្មោះ ថាច់ សៀន (Thạch Siêne)
ញោមស្រីបង្កើត ឈ្មោះ ថាច់ ធី ញុង (Thạch Thị Nhung) (ស្លាប់កាលពីខ្ញុំអាយុបានប្រហែល ២ ឆ្នាំ)
ញោមស្រីទី ២ ឈ្មោះ ថាច់ ធី រ៉ួន (Thạch Thị Ruône) ជាអ្នកបីបាច់ថែរក្សាខ្ញុំជំនួសញោមស្រីបង្កើតតាំងពី កុមារភាពមក និងជាអ្នកទូលត្រៃបំបួសខ្ញុំឲ្យបានក្លាយជាសង្ឃ ។

ការសិក្សាថ្នាក់បឋមសិក្សានៃសាលារដ្ឋវៀតណាម ចាប់ពីឆ្នាំ ១៩៩០ ដល់ ១៩៩៥៖

ចាប់ពីឆ្នាំ ១៩៩០ ដល់ ១៩៩៥ ខ្ញុំរៀននៅសាលាបឋមសិក្សាហ្វាអឹង A (Trừơng Tiểu Học Hòa Ân A) ឋិត ក្នុងភូមិតាខៅ (Trà Kháo) ឃុំក្រសាំង (Hòa An) ស្រុកកំពង់ស្ពាន (Cầu Kè) ខេត្ត ព្រះត្រពាំង (Trà Vinh) ។

ថ្ងៃសោរ៍ ០៧ រោច ខែពិសាខ ឆ្នាំកុរ សប្តស័ក ព. ស. ២៥៣៩ ត្រូវនឹងថ្ងៃ ទី ២០ ខែឧសភា គ. ស. ១៩៩៥ ខ្ញុំ បានប្រឡងយកសញ្ញាប័ត្របឋមសិក្សា (Bằng Tiểu Học) នៃសាលារដ្ឋវៀតណាម នា មណ្ឌលប្រឡង អា ហ្វាអឹង (A Hòa Ân) ឋិតក្នុងទីរួមស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ ការប្រឡងយកសញ្ញាប័ត្របឋមសិក្សា នេះ បាន ទទួលនិទ្ទេសគ្រាន់បើ (Khá) ចេញដោយការិយាល័យអបរំ និងបណ្ដុះបណ្ដាលស្រុកកំពង់ស្ពាន (Phòng Giáo Dục & Đạo Tạo huyện Cầu Kè) ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៩៥ ក្នុងបញ្ជីក្រុសួងអប់រំ និង បណ្ដុះបណ្ដាល (Bộ Giáo Dục & Đạo Tạo) នៃរដ្ឋាភិបាលវៀតណាម លេខ TH 57- 8900/95 នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៥ ។

សាលាបឋមសិក្សាហ្វាអឹង A (Trừơng Tiểu Học Hòa Ân A) ជាសាលារដ្ឋសាធារណៈមួយក្នុងបណ្ដាសាលា ទាំងឡាយនៅតាមមូលដ្ឋានភូមិស្រុកនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចាប់ពី ថ្នាក់ទី ១ ដល់ ៥ ឋិតនៅក្នុង ផ្សារតាខៅ (Chợ Trà Kháo) ភូមិតាខៅ ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។  សាលានេះ គេបង្រៀន ជាភាសា និងអក្សរយួនសុទ្ធ ហើយកូនសិស្សដែលចូលរៀនមានកូនចៅខ្មែរក្រោម យួន និងចិន ចម្រុះគ្នា ។

រៀងរាល់ឆ្នាំ នៅក្នុងខែឧសភា ខ្ញុំតែងតែបានចូលរៀនអក្សរខ្មែរ និងធម៌នមស្ការពីព្រះសង្ឃរយៈពេល ៣ ខែ នៅ វត្តមជ្ឈិមារាម (កណ្ដាល) បន្ទាប់ពីបានវិស្សមកាលពីសាលារៀនយួនចាប់ពីខែឧសភាដល់ខែកញ្ញា ។ ការរៀនអក្សរ ខ្មែររបស់ខ្ញុំនៅក្នុងវត្ត នាពេលនោះ បានលោកគ្រូឧទ្ទេសាចារ្យ ថាច់ សិទ្ធិ និង ថាច់ សុតឹម ព្រះសង្ឃដែលមាន ចំណេះជ្រៅជ្រះខាងភាសាបាលី និងអក្សរសាស្ត្រខ្មែរជាអ្នកបង្រៀន ។

ក្មេងឃ្វាលគោ ឆ្នាំ ១៩៩៦៖

ឆ្នាំ ១៩៩៦ ឈប់រៀនសាលារដ្ឋយួននៅផ្ទះ ជួយការងារម្ដាយឱពុក មានឃ្វាលគោ និង មើលទា ។

ជិវិតសេក្ខវត្ត ១៩៩៧៖

ឆ្នាំ ១៩៩៧ (ជីវិតសេក្ខវត្ត) ម្តាយឪពុកនាំចូលនៅ វត្តមជ្ឈិមារាម (កណ្តាល) ដើម្បីសិក្សារៀនសូត្រធម៌អាថ៌ និង អក្សរសាស្ត្រខ្មែរនៅក្នុងព្រះពុទ្ធ សាសនា ។

ការសិក្សាថ្នាក់ពុទ្ធិកអនុវិទ្យាល័យ ឬ សាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ នៅខេត្តព្រះត្រពាំង ចាប់ពីឆ្នាំ ១៩៩៧-២០០១៖

ថ្ងៃពុធ ០១ រោច ខែវិសាខ ឆ្នាំ ឆ្លូវនព្វស័ក ព. ស. ២៥៤១ ត្រូវ នឹងថ្ងៃទី ២១ ខែឧសភា គ.ស. ១៩៩៧ ចូលរៀន បាលី ទី ១ (ថ្នាក់ពុទ្ធិកអនុវិទ្យាល័យទី ១) ជាមួយព្រះសង្ឃក្នុងនាម ជាសេក្ខវត្ត នាវត្តមជ្ឈិមារាម (កណ្តាល) ឋិត នៅក្នុងភូមិ តាខៅ ឃុំក្រសាំង ខេត្តព្រះត្រពាំង ។

ថ្ងៃចន្ទ ០១ រោច ខែវិសាខ ឆ្នាំ ខាល សំរិទ្ធិស័ក ព. ស. ២៥៤២ ត្រូវនឹងថ្ងៃ ទី ១១ ខែឧសភា គ.ស. ១៩៩៨ ចូលរៀនថ្នាក់បាលីទី ២ (ពុទ្ធកអនុវិទ្យា ល័យទី ២) នៅវត្តសម្បួររង្សី (សម្បួរ) ភូមិតាខៅ (Trà Kháo) ឃុំក្រសាំង (Hòa An) ស្រុកកំពង់ស្ពាន (Cầu Kè) ខេត្តព្រះត្រពាំង (Trà Vinh) ។

ថ្ងៃសុក្រ ០១ រោច ខែវិសាខ ឆ្នាំ ថោះ ឯកស័ក ព. ស. ២៥៤៣ ត្រូវនឹងថ្ងៃ ទី ៣០ ខែមេសា គ.ស. ១៩៩៩ ចូលរៀនថ្នាក់បាលីទី ៣ (ពុទ្ធិកអនុវិទ្យា ល័យទី ៣) នាវត្តមជ្ឈិមារាម (កណ្តាល) ឋិតនៅក្នុងភូមិ តាខៅ ឃុំក្រសាំង ខេត្តព្រះត្រពាំង ។

ថ្ងៃព្រហស្បតិ៍ ០១ រោច ខែវិសាខ ឆ្នាំ រោងទោស័ក ព. ស. ២៥៤៤ ត្រូវនឹងថ្ងៃ ទី ១៨ ខែឧសភា គ. ស. ២០០០ ចូលរៀនថ្នាក់បាលីរង (ពុទ្ធកអនុវិទ្យាល័យ ទី ៤) នៅវត្តកំពង់និគ្រោធ (កំពង់ជ្រៃ ) ឋិតក្នុង ភូមិកំពង់ជ្រៃ) ឃុំកំពង់ទូក (Đa Lộc) ស្រុកកំពង់ធំ (Châu Thành) ខេត្ត ព្រះត្រពាំង ។

ថ្ងៃអាទិត្យ ០៤ កើត ខែមាឃ ឆ្នាំ រោងទោស័ក ព. ស. ២៥៤៤ ត្រូវ នឹងថ្ងៃទី ២៨ ខែមករា គ.ស. ២០០១ បាន ប្រឡងបញ្វប់ថ្នាក់ពុទ្ធិកអនុ វិទ្យាល័យទី ៤ (បាលីរង) និងបាន ទទួលសញ្ញាប័ត្រ មហាបរិយត្តិពុទ្ធិក មធ្យម វិជ្ជាបឋមភូមិ ចេញដោយសាលា គណខេត្តព្រះត្រពាំង (ត្រាវិញ) ចុះ ថ្ងៃសៅរ៍ ២ កើត ខែផល្គុន ឆ្នាំ រោង ទោស័ក ព. ស. ២៥៤៤ ត្រូវនឹងថ្ងៃទី ២៤ ខែមិនា គ. ស. ២០០១ ។

បំពេញបព្វជាជាសាមណេរ  ឆ្នាំ ១៩៩៨៖

ថ្ងៃចន្ទ ០៦ កើតខែអាសាឍ ឆ្នាំខាល សំរិទ្ធិស័ក ព. ស.២៥៤២ ត្រូវនឹងថ្ងៃ ទី ២៩ ខែមិថុនា គ. ស.១៩៩៨ បួស ជាសាមណេរនៅវត្តមជ្ឈិមារាម (កណ្តាល) ជាវត្តកំណើតឋិតក្នុង ភូមិតាខៅ (Trà Kháo) ឃុំក្រសាំង (Hòa An) ស្រុកកំពង់ស្ពាន (Cầu Kè) ខេត្តព្រះត្រពាំង (Trà Vinh) មាន ព្រះមហាពោធិវង្សាមហាបញ្ញោ ថាច់ ទិត្យ ព្រះឧបជ្ឈាយ៍វត្តបទុមក្រពុំរត្នកេសរចម្ប៉ាមាស (សំណឹងធំ) ជាព្រះឧបជ្ឈាយ៍ ។ ក្នុងកិច្ចបំបួស (បព្វជាកម្ម) នេះ មានភិក្ខុគង់ហត្ថបាសចំនួន ២៤ អង្គ និងបព្វជាបេក្ខដែលបួសក្នុងខណ្ឌសីមា តែមួយចំនួន ៤ អង្គ គឺ៖

១.សាមណេរ ថាច់ ប្រីជា គឿន
២.សាមណេរ ថាច់ យ៉ុង
៣. សាមណេរ ថាច់ ចិត្រ្តា
៤.សាមណេរ ថាច់ ថា ។

 ឧបសម្ប័ទជាភិក្ខុ  ព. ស. ២៥៤៥  គ. ស. ២០០១ ៖

ថ្ងៃសៅរ៍ ១៣ កើត ខែវិសាខ ឆ្នាំ រោងត្រីស័ក ព. ស. ២៥៤៥ ត្រូវ នឹងថ្ងៃទី ០៥ ខែឧសភា គ. ស. ២០០១ បាន បំពេញឧបសម្បទាជាភិក្ខុភាវៈនៅ វត្តមជ្ឈិមារាម (កណ្តាល) ដែល មាន ព្រះវិនយត្ថេរ រីយ៍ រដ្ឋា ជាព្រះចៅធិការ និង ជាព្រះឧបជ្ឈាយ៍វត្តបទុមក្រពុំរត្នកេសរចម្ប៉ាមាស (សំណឹងធំ) ជា ព្រះឧបជ្ឈាយ៍ និង ព្រះវិនយត្ថេរ តឺ រដ្ឋា ជា ព្រះកម្ម វាចា និង ព្រះសុវណ្ណត្ថេរ ប៉ោ សារេន ជា សវនាចារ្យ បានទទួលនាមបញ្ញត្តិ ថា សុធម្មប្បញ្ញោ

ការសិក្សាថ្នាក់ពុទ្ធិកវិទ្យាល័យ ឬ សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ពី ព. ស. ២៥៤៥  គ. ស. ២០០១ ដល់ ព.ស. ២៥៤៧ គ. ស. ២០១៤

ថ្ងៃអង្គារ៍ ០១ រោច ខែវិសាខ ឆ្នាំ រោងត្រីស័ក ព. ស. ២៥៤៥ ត្រូវ នឹងថ្ងៃទី ០៨ ខែឧសភា គ. ស. ២០០១ ចូលរៀនថ្នាក់ពុទ្ធិកវិទ្យាល័យទី ១ (ថ្នាក់ទី ១០ ភាសាបាលី) នៅវត្តសិលាទ្រ (ថ្មទល់) ឋិតក្នុង ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង ។

ថ្ងៃសៅរ៍ ០១ រោច ខែវិសាខ ឆ្នាំ ម្សាញ់ ចត្វាស័ក ព. ស. ២៥៤៦ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា គ.ស. ២០០២ ចូលរៀនថ្នាក់ពុទ្ធិកវិទ្យាល័យទី ២ (ថ្នាក់ទី ១១ ភាសាបាលី) នៅវត្ត នាគវនារាម (ខ្ទឹង) ឋិត ក្នុងទីរួមខេត្ត ព្រះត្រពាំង (Thi xã Trà Vinh) ។ ថ្ងៃសុក្រ ០១ រោច ខែវិសាខ ឆ្នាំ ខាលបញ្ចស័ក ព. ស. ២៥៤៦ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា គ. ស. ២០០៣ ចូលរៀនថ្នាក់ពុទ្ធិកវិទ្យាល័យទី ៣ (ថ្នាក់ទី ១២ ភាសាបាលី) នៅវត្តចម្ប៉ាបុរី (ត្រោកលិច) ឋិតក្នុងទីរួមស្រុកកំពង់ធំ (Thị trấn Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ។

ថ្ងៃពុធ ១៤ កើត ខែមាឃ ឆ្នាំ មមែ បញ្ចស័ក ព. ស. ២៥៤៧ ត្រូវនឹងថ្ងៃទី ០៤ ខែកុម្ភៈ គ. ស. ២០០៤ បានបញ្ចប់ ការប្រឡងរួមខេត្តថ្នាក់ពុទ្ធិកវិទ្យាល័យ នៅវត្តចម្ប៉ាបុរី (ត្រោកលិច) មានសមណសិស្ស និង សិស្សនៅក្នុងវត្តនានា នៃខេត្តព្រះត្រពាំង ប្រមាណជាង ៧០ អង្គ និង រូប បានទទួល សញ្ញាប័ត្រមហាបរិយត្តិពុទ្ធិកមធ្យមវិជ្ជាទុតយភូមិ ចេញដោយសាល គណខេត្តព្រះត្រពាំង (ត្រាវិញ) ។

ការសិក្សានៅសាលាមធ្យមសិក្សាវៀតណាម ចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០០១ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០០៥៖

ថ្ងៃសុក្រ ០៣ កើត ខែភទ្របទ ឆ្នាំ រោង ទោស័ក ព. ស. ២៥៤៤ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០០០ រៀនថ្នាក់អនុវិទ្យាល័យទី ១ (ថ្នាក់ ទី ៦) នៅសាលាមធ្យមសិក្សាមូលដ្ឋាន ទីរួមស្រុកកំពង់ធំ (Trường Trung Học Cơ Sở TT Châu Thành) ខេត្ត ព្រះត្រពាំង ។ ក្នុងអំឡុងពេលសិក្សា នេះ ស្នាក់ នៅរៀនពុទ្ធិកអនុវិទ្យា ល័យទី ៤ (បាលីរង) នាវត្តកំពង់និគ្រោធ (កំពង់ជ្រៃ) ។

ថ្ងៃសៅរ៍ ១៤ កើត ខែភទ្របទ ឆ្នាំ ម្សាញ់ ត្រីស័ក ព.ស. ២៥៤៥ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០០១ រៀនថ្នាក់អនុវិទ្យាល័យទី ២ (ថ្នាក់ទី ៧) នៅសាលាមធ្យម សិក្សាមូលដ្ឋានទីរួមស្រុកកំពង់ធំ (Trườ ng Trung Học Cơ Sở TT Châu Thành) ខេត្តព្រះត្រពាំង ។ ក្នុងអំឡុងពេលសិក្សានេះ ស្នាក់នៅ រៀន ពុទ្ធិកវិទ្យាល័យទី ១ នា វត្តសិលាទ្រ (ថ្មទល់)

ថ្ងៃព្រហស្បតិ៍ ០៨ រោច ខែទុតិយា សាឍ ឆ្នាំ មមីចត្វាស័ក ព. ស. ២៥៤៦ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០០២ រៀនថ្នាក់អនុវិទ្យាល័យទី ៣ (ថ្នាក់ទី ៨ ) ពេលយប់ នៃសាលាបំពេញវិជ្ជាវប្បធម៌ព្រះត្រពាំង (Trường Bổ Túc Văn Hóa Trà Vinh) នាសាលាបឋមសិក្សា ឡេ វ៉ាំង តាម (Truong Tieu Hoc Le Van Tam) ទីរួមខេត្តព្រះត្រពាំង ។ ក្នុងពេលកំពុងសិក្សានេះ ខ្ញុំបានស្នាក់នៅរៀន ថ្នាក់ពុទ្ធិកវិទ្យាល័យទី ២ នា វត្តនាគវនារាម (ខ្ទឹង)

ថ្ងៃច័ន្ទ ០៦ កើត ខែភទ្របទ ឆ្នាំ មមែ បញ្ចស័ក ព. ស. ២៥៤៧ ត្រូវនឹង ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០០៣ រៀនថ្នាក់អនុវិទ្យាល័យទី ៤ (ថ្នាក់ ទី ៩ ) ពេលយប់ នៃសាលាបំពេញវិជ្ជាវប្បធម៌ ព្រះត្រពាំង (Trường Bổ Túc Văn Hóa Trà Vinh) នាសាលាបឋមសិក្សា ឡេ វ៉ាំង តាម (Truong Tieu Hoc Le Van Tam) ទីរួមខេត្ត ព្រះត្រពាំង ។ ក្នុងអំឡុងពេលសិក្សានេះ ស្នាក់នៅរៀនពុទ្ធិកវិទ្យាល័យទី ៣ នាវត្ត ចម្ប៉ាបុរី (ត្រោកលិច) ។ ថ្ងៃសុក្រ ០៤ រោច ខែមិគ្គសិរ ឆ្នាំ មមែ បញ្ចស៏ក ព. ស. ២៥៤៧ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ គ. ស. ២០០៣ ប្រឡងយក សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ផ្នែកបំពេញវិជ្ជា (Bằng Trung Học Cơ Sở Hệ Bộ Túc) នៅមណ្ឌលប្រឡង សាលាមធ្យមសិក្សាមូលដ្ឋាន លី ទឺ ត្រុង (Trường Trung Học Cơ Sở Lý Tự Trọng) ។ ការប្រឡងយក សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ នេះ បានទទួលនិទ្ទេសគ្រាន់បើ (Khá) ចេញដោយមន្ទីរអបរំ និង បណ្ដុះ បណ្ដាល ខេត្តព្រះត្រពាំង ( Sở Giáo Dục & Đạo Tạo tỉnh Trà Vinh ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០០៤ និងបានចុះក្នុងបញ្ជីផ្តល់សញ្ញាប័ត្រ លេខ ១១៣ នៃក្រសួងអប់រំ និង បណ្ដុះបណ្ដាល (Bộ Giáo Dục & Đạo Tạo) របស់រដ្ឋាភិបាលវៀតណាម នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០០៤ ។ លេខសម្គាល់សញ្ញាប័ត្រ 0232610 / BTCS ។

ថ្ងៃចន្ទ ១៣ កើត ខែភទ្របទ ឆ្នាំ មមែ បញ្ចសក ព. ស. ២៥៤៧ ត្រូវនឹងថ្ងៃទី ០៨ ខែកញ្ញា គ. ស. ២០០៣ ដល់ ថ្ងៃអង្គារ៍ ០៧ កើត ខែជេស្ឋ ឆ្នាំ វក ឆស័ក ព. ស. ២៥៤៨ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា គ. ស. ២០០៤ រៀនថ្នាក់ វិទ្យាល័យទី ១ (ទី ១០ ) នាពេល យប់ផ្នែកបំពេញវិជ្ជា នៅសាលាមធ្យមសិក្សា ទីរួមស្រុកកំពង់ធំ (Trường Phổ Thông Trung Học thị trấn Châu Thành) ។ ក្នុងរយៈ ពេលរៀនសាលានេះ ស្នាក់ នៅ វត្តចម្ប៉ាបុរី (ត្រោកលិច) ។ ថ្ងៃចន្ទ ០៦ រោច ខែស្រាពណ៍ ឆ្នាំ វក ឆសក ព. ស. ២៥៤៨ ត្រូវនឹងថ្ងៃទី ០៥ ខែកញ្ញា គ. ស. ២០០៤ ដល់ ថ្ងៃព្រហស្បតិ៍ ០១ កើត ខែផល្គុន ឆ្នាំ វក ឆស័ក ព. ស. ២៥៤៨ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ. ស. ២០០៥ រៀន ថ្នាក់វិទ្យាល័យទី ២ (ទី ១១ ) នាពេលយប់ផ្នែកបំពេញវិជ្ជានៅសាលាមធ្យមសិក្សាទីរួមស្រុកកំពង់ធំ (Trường Phổ Thông Trung Học thị trấn Châu Thành) ។ ក្នុងពេលកំពុងរៀនសាលានេះ ខ្ញុំស្នាក់នៅ វត្តចម្ប៉ាបុរី (ត្រោកលិច) ដើម្បីជួយបង្រៀនព្រះសង្ឃពេលថ្ងៃ និងពេលយប់ទៅរៀននៅសាលារដ្ឋយួន ។ ការសិក្សាថ្នាក់វិទ្យា ល័យរដ្ឋយួនទី ២ (ថ្នាក់ទី ១១) នេះ ខ្ញុំរៀនមិនបានចប់ទេ ព្រោះកំពុងរៀន ស្រាប់តែដឹងថា រដ្ឋាភិបាលវៀតណាម កំពុង តែតាមដានបំរុងនឹងចាប់ខ្លួនពីបទ ឃោសនាប្រឆាំងរដ្ឋកុម្មុយនិស្តយួន ខ្ញុំក៏សម្រេចចិត្តឈប់រៀនហើយភៀស ខ្លួនទៅប្រទេសកម្ពុជា ។

គ្រូបង្រៀនសាលាពុទ្ធិកសិក្សា ព.ស. ២៥៤៨  គ.ស. ២០០៤ ដល់ គ. ស. ២០០៥

អង្គារ៍ ១ រោច ខែពិសាខ ឆ្នាំវក ឆស័ក ព. ស. ២៥៤៨ ត្រូវនឹងថ្ងៃទី ០៤ ឧសភា គ. ស. ២០០៤ ទៅ ដល់ថ្ងៃច័ន្ទ ១៥ កើតខែបុស្ស ឆ្នាំវក ឆស័ក ព. ស. ២៥៤៨ ត្រូវនឹងថ្ងៃទី ២៤ ខែមករា គ. ស. ២០០៥ ធ្វើជាគ្រូបង្រៀនព្រះ សង្ឃនៅសាលា ពុទ្ធិកសិក្សា ក្នុងវត្តចម្ប៉ាបុរី (ត្រោកលិច) ឋិតក្នុងភូមិខ្នាច ឃុំកំពង់ទូក ស្រុកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង ( Trà Vinh) ក្រោយពីបានប្រឡងបញ្ចប់ ថ្នាក់ ពុទ្ធិកវិទ្យាល័យនៅខេត្តព្រះត្រពាំង ។

២០០៧ ថ្ងៃ (៥ ឆ្នាំ ៩ ខែ ៧ ថ្ងៃ) ជីវិតរស់នៅក្នុងប្រទេសកម្ពុជា

ព. ស. ២៥៤៨ គ. ស. ២០០៥ – ព. ស. ២៥៤៨ គ. ស. ២០១០

ឈានជើងជាន់ទឹកដីប្រទេសកម្ពុជា៖

ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំ វកឆស័ក ព. ស. ២៥៤៨ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០០៥ បានឈានជើងចូល ដល់ព្រំដែនប្រទេសកម្ពុជា តាមផ្លូវកាត់ក្ដួលជ្រុំ និងខេត្តមាត់ជ្រូក, ដែនដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេស កម្ពុជា ។ បន្ទាប់ពីស្នាក់អាស័្រយ នៅផ្ទះពុទ្ធបរិស័ទខ្មែរក្រោមម្នាក់នៅព្រំដែនអស់មួយយប់  ពេលព្រឹកក៏ចេញដំណើរ ទៅភ្នំពេញ តាមរយៈកប៉ាលនាំទំនិញរបស់ពុទ្ធបរិស័ទខ្មែរម្នាក់ ។

ថ្ងៃសៅរ៍ ៣ កើត ខែផល្គុន ឆ្នាំវក ឆស័ក ព. ស. ២៥៤៨ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០៥ ខ្ញុំបានស្គាល់ផ្ទៃមេឃ នៃទីក្រុងភ្នំពេញជាលើកដំបូង ហើយក៏ជាថ្ងៃដែលខ្ញុំបានចាប់ផ្ដើមកសាងជីវិតថ្មីនៅលើទឹកដីអង្គរ អស់រយៈពេល ២០០៧ ថ្ងៃ ស្មើនឹង ៥ ឆ្នាំ ៩ ខែ ៧ ថ្ងៃ (ចាប់ពីថ្ងៃ ១១ ខែមីនា ២០០៥ – ០៧ ខែកញ្ញា ឆ្នាំ ២០១០) ។

ពេលទៅដល់ភ្នំពេញដំបូង ខ្ញុំបានស្នាក់នៅកុដិខ្មែរក្រោម នៃវត្តលង្កា និង វត្តបទុមវតី ក្បែរព្រះបរមរាជវាំង អស់មួយ រយៈដើម្បីស្វែងរកវត្តសុំស្នាក់នៅ ។ ទីបំផុត ខ្ញុំបាន ព្រះមហាវិជ្ជារតនបញ្ញា យឿង ស៊ិន អតីតព្រះចៅអធិការវត្ត សាមគ្គីរង្សី និង ជាអតីតប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានផ្ដល់ជម្រកឲ្យខ្ញុំបានស្នាក់នៅ ក្នុងវត្ត សាមគ្គីរង្សី ស្ថិតក្នុងភូមិទ្រា ៣, សង្កាត់ស្ទឹងមានជ័យ, ខ័ណ្ឌមានជ័យ, ព្រះរាជធានីភ្នំពេញ ។

ប្រធានជនភៀសខ្លួនខ្មែរក្រោមនៅក្នុងវត្តសាមគ្គីរង្សី ២០០៥ – ២០០៨៖  

ព្រហស្បតិ៍ ៥ រោច ខែចែត្រ ឆ្នាំរកា សប្តស័ក  ព. ស. ២៥៤៩ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០០៥ បានចូល សម្ភាសនៅក្នុងការិយាល័យស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំ ទីក្រុង ភ្នំពេញ ដើម្បីស្វែងរកសិទ្ធិជ្រកកោន ក្នុងនាមជាអ្នកភៀសខ្លួននយោបាយខ្មែរក្រោម ។ ក្រោយពីសម្ភាស UNHCR បានផ្ដល់ការយកចិត្តទុកដាក់ ដោយបានជូនលិខិតបង្កាន់ដៃមួយ បានបញ្ជាក់ខ្ញុំ “ត្រូវនៅក្រោមការការពាររបស់កា រិយាល័យ នៃអង្គការ យូ.អិន.អេច. ស៊ី. អ័រ/ UNHCR” ។

ក្រោយមក ជនភៀសខ្លួនខ្មែរក្រោមជាច្រើន បានភៀសខ្លួនមកពីខេត្តឃ្លាំង និងពលលាវ ជាបន្តបន្ទាប់ ស្នាក់នៅ វត្តសាមគ្គីរង្សី ដើម្បីចូលសុំសិទ្ធិជ្រកកោន នៅក្នុង UNHCR ដោយពួកគេបានលើកហេតុផលថា រងការធ្វើទុក្ខ បុកម្នេញពីរដ្ឋាភិបាលវៀតណាម ។

ថ្ងៃចន្ទ ១១ រោច ខែ អាសាធ ឆ្នាំរកា សប្តស័ក ព. ស. ២៥៤៩ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៥ បានដឹកនាំជន ភៀសខ្លួនខ្មែរក្រោមជាង ១០០ នាក់ ធ្វើកូដកម្ម នៅមុខការិយាល័យស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជន ភៀសខ្លួន (UNHCR) ដើម្បីស្នើឲ្យអង្គការមួយនេះ ផ្ដល់ជុំរុំមួយដល់ជនភៀសខ្លួនខ្មែរក្រោម នៅកម្ពុជា ដូចជាពួក ជនភៀសខ្លួនម៉ុងតៃញ៉ា ដែរ ។

ដោយមានការតវ៉ាពីជនភៀសខ្លួនខ្មែរក្រោមជាបន្តបន្ទាប់ ទើបនៅ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអាសាធ ឆ្នាំរកា សប្តស័ក ព. ស. ២៥៤៩ ត្រូវនឹងថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០៥ UNHCR នៅភ្នំពេញ បានចេញលិខិតមួយច្បាប់ លេខ CAM/PROT/05/134 ស្ដីអំពី “ការបិទនៃនីតិវិធីសុំសិទ្ធិ ជ្រកកោន” ជាជនភៀសខ្លួនរបស់ ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ។ ខ្លឹមសារនៃលិខិតពីរភាសា (អង់គ្លេស-ខ្មែរ) ដែល UNHCR ចេញនោះ មានសេចក្ដីថា៖

UNHCR ត្រូវបានទទួលដំណឹងដោយរដ្ឋាភិបាលកម្ពុជាថា៖ បងប្អូនខ្មែរកម្ពុជាក្រោមដែលបានមកពីប្រទេសវៀត ណាម ត្រូវបានស្វាគមន៍ឲ្យស្នាក់នៅក្នុងប្រទេសកម្ពុជា និងត្រូវបានចាត់ទុកជាពលរដ្ឋកម្ពុជា ។ ដូច្នេះ បងប្អូនខ្មែរ កម្ពុជាក្រោម ដែលបានចុះបញ្ជីដោយUNHCR នឹងមិនឋិតនៅក្នុងអាណត្តិរបស់អង្គការនេះទៀតឡើយ ។ ចំពោះជំនួយតទៅមុខទៀត សូមធ្វើទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរកម្ពុជា” ។

ក្រោយមក នៅឆ្នាំ ២០០៨  បានចេញពីវត្តសាមគ្គីរង្សី មកសុំស្នាក់នៅវត្តបទុមវតីរហូតដល់ឆ្នាំ ២០១០ ចេញពីវត្ត បទុមវតី ទៅនៅវត្តអង្គពោធិញ្ញាណ និងចុងក្រោយនៅវត្តអង្គតាម៉ិញ ហើយបានភៀសខ្លួនទៅប្រទេសថៃ គេចពី ការគំរាមកំហែងពីរដ្ឋាភិបាលវៀតណាម និងកម្ពុជារឿងធ្វើកាសែតព្រៃនគរ ។

សហស្ថាបនិក សារព័ត៌មាន ព្រៃនគរ ព. ស. ២៥៥១ – គ. ស. ២០០៨

ពេលកំពុងនៅវត្តបទុមវតី នៅថ្ងៃអង្គារ៍ ០៨ រោច ខែមិគ្គសិរ ឆ្នាំ កុរនព្វសក ព. ស. ២៥៥១ ត្រូវនឹងថ្ងៃទី ០១ ខែមករា គ. ស. ២០០៨ ជាសហស្ថាបនិកក្នុងការបង្កើត សារព័ត៌មាន ព្រៃនគរ ចេញផ្សាយប្រចាំសប្តាហ៍ តាមប្រព័ន្ធអិនធើណែត ក្នុងនាមជានិពន្ធនាយក ដែលមាន ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា គង់នៅវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California, សហរដ្ឋអាមេរិក ជាចាងហ្វាងការផ្សាយ និងសហការីមួយចំនួនទៀតនៅ ភ្នំពេញ ។

ដើមឆ្នាំ ២០១០ កាសែត ព្រៃនគរ បានដាក់ពាក្យសុំអាជ្ញាបណ្ណពីក្រសួងព័ត៌មានខ្មែរ ដើមបានបោះពុម្ពផ្សាយ នៅក្នុងប្រទេសកម្ពុជា  ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បានអនុញ្ញាតឲ្យ លោក លោក លី ឈូន ធ្វើជាចាង ហ្វាងការផ្សាយ ទទួលផ្នែកច្បាប់នៅក្នុងកម្ពុជា , ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាអភិបាល ទទួលបន្ទុក ខាងហេរញ្ញវត្ថុទ្រទ្រង់ការបោះពុម្ព និងខ្ញុំជានិពន្ធនាយករៀងរហូតមក ។

អាជ្ញាធរខ្មែរព័ទ្ធកុដិ ១៧ វត្តបទុមវតីដើម្បីចាប់ខ្លួន គ. ស. ២០១០៖

យប់វេលាប្រហែលម៉ោង ០៨ ថ្ងៃចន្ទ ០៦ រោច ខែចេត្រ ឆ្នាំ ខាលទោស័ក ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១០ នគរបាលខ្មែរ ក្រសួងធម្មការនិងសាសនា ខណ្ឌដូនពេញ ក្រុងភ្នំពេញ បាននាំគ្នាមួយក្រុមធំ មកព័ទ្ធកុដិ ១៧ វត្តបទុមវតី ទីដែលខ្ញុំស្នាក់នៅ ដើម្បីឆែកឆេរសួររកឈ្មោះក្នុងគោលបំណងចាប់ខ្លួនបន្ទាប់ពីពួក គេ បានចាប់សេក្ខវត្តម្នាក់ដែលបានទៅជួយចែកចាយ កាសែត ព្រៃនគរ ដល់ពលរដ្ឋខ្មែរនៅតាមផ្លូវ ដោយឥតគិត      ថ្លៃ ។

ព្រឹត្តិការណ៍នេះ ពួកអាជ្ញាធរខ្មែរបាននាំគ្នាចូលទៅជួបមន្ត្រីសង្ឃវត្តបទុមវតី ដើម្បីឲ្យប្រមូលព្រះសង្ឃខ្មែរក្រោម ទាំងអស់ដែលកំពុងស្នាក់នៅក្នុងកុដិ ១៧ ឡើងទៅបង្ហាញវត្តមានចំពោះពួកគេ ហើយបានឲ្យក្មេងឈ្មោះ ថាច់ ថេន ជាអ្នកចែកកាសែត បង្ហាញរូបថតរបស់ខ្ញុំដែលមាននៅក្នុងមន្ត្រីសង្ឃ ដើម្បីបញ្ជាក់ថា ព្រះសង្ឃអង្គណាដែលជាអ្នក បញ្ជាឲ្យខ្លួនទៅចែកកាសែត ។ កុមារ ថាច់ ថេន បានបង្ហាញចំរូបថតរបស់ខ្ញុំ  ហើយក៏បានប្រាប់ទៅមន្ត្រីសង្ឃ និង អាជ្ញាធរខ្មែរថា ខ្ញុំជាអ្នកបញ្ជាឲ្យខ្លួនចែកកាសែត ។ ក្នុងហេតុការណ៍នេះ ខ្ញុំមិនមានវត្តមាននៅទីនោះទេ ព្រោះ បានរត់ចេញពីវត្ត ខណៈដែលពួកនគរបាលមកឡោមព័ទ្ធកុដិ ១៧ ភ្លាម ។ អាជ្ញាធរខ្មែរបានដកកម្លាំងទៅវិញ បន្ទាប់ពីរកមិនឃើញខ្ញុំ  និងដោយបាន លោក លី ឈូន ចាងហ្វាងកាសែត យកអាជ្ញាប័ណ្ណកាសែត ព្រៃនគរ ដែលចេញដោយក្រសួងព័ត៌មានកម្ពុជា មកបង្ហាញដល់ពួកគេ ។

បន្ទាប់ពីបានគេចចេញពីវត្តអស់មួយរាត្រី នៅថ្ងៃអង្គារ៍ ០៧ រោច ខែចេត្រ ឆ្នាំ ខាលទោស័ក ព. ស. ២៥៥៤ ត្រូវនឹង ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១០ ខ្ញុំបានវិលត្រឡប់មកនៅវត្តបទុមវតី ដូចដើមវិញ ។

អាជ្ញាធរខ្មែរគំរាមដល់វត្តអង្គពោធិញ្ញាណ៖

ដោយបានឃើញការរស់នៅក្នុងវត្តបទុមវតីសម្រាប់រូបខ្ញុំ ដូចជាមានសេរីភាព និងសុវត្ថិភាពតិចតួចពេក ខ្ញុំក៏សម្រេច ចិត្តទៅសុំនៅវត្តអង្គពោធិញ្ញាណ វិញ ។  ខ្ញុំស្នាក់នៅក្នុងវត្តនេះ បានប្រហែល ៥ ខែប៉ុណ្ណោះ អាជ្ញាធរខ្មែរក៏បាន តាមមកគំរាមដល់វត្តអង្គពោធិញ្ញាណទៀត ។

ថ្ងៃព្រហស្បតិ៍ ១ រោច ខែស្រាពណ៍ ឆ្នាំខាល ទោស័ក ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១០ ខ្ញុំត្រូវបានព្រះចៅអធិការវត្តអង្គពោធិញ្ញាណ ព្រះនាម នូច វាសនា ស្នើឲ្យខ្ញុំនិមន្តចេញពីវត្តអង្គពោធិញ្ញាណ ក្រោយ ពីមាននគរបាលម្នាក់បានអះអាងខ្លួនថា ជាអង្គរ័ក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកសួរព្រះអង្គ អំពីអត្ដ សញ្ញាណរបស់ខ្ញុំ និងបានប្រាប់ព្រះចៅអធិការវត្តថា ខ្ញុំជាអ្នកធ្វើកាសែត «ព្រៃនគរ» ដែលគេកំពុងតែតាមដាន ។

ក្រោយពីបានទទួលដំណឹងនេះ  ប្រហែលម៉ោង ០៩ យប់ ថ្ងៃដដែល ព្រះចៅអធិការវត្តអង្គការពោធិញ្ញាណ បាន និមន្តខ្ញុំមកកុដិរបស់ព្រះអង្គដើម្បីប្រាប់អំពីរឿងរ៉ាវនេះ ។ ព្រះតេជព្រះគុណ នូច វាសនា បានប្រាប់ខ្ញុំថា ព្រឹក ស្អែក ម៉ោង ០៧ (ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១០) នគរបាលរូបនេះនឹងត្រឡប់មកវត្តម្តងទៀត ដើម្បីសុំជួបខ្ញុំ និង ព្រះអង្គបានឲ្យខ្ញុំផ្តល់រូបថតរបស់ខ្ញុំទៅឲ្យព្រះអង្គមួយសន្លឹក ។ ខ្ញុំបានសន្យានឹងព្រះចៅអធិការវត្តថា ពេលព្រឹក ពេលធ្វើដំណើរចេញពីវត្ត ខ្ញុំនឹងយករូបថតរបស់ខ្លួនមកប្រគេនព្រះអង្គ ។ ព្រះអង្គក៏បានយល់ព្រមតាមសំណើ ។ ពេលថ្វាយបង្គំលាព្រះចៅអធិការមកកុដិខ្លួនវិញ ខ្ញុំក៏ភៀសខ្លួនចេញពីវត្តអង្គពោធិញ្ញាណទាំងយប់ នោះតែម្ដង ។

ការដកហូតឆាយា និងលិខិតឆ្លងដែនពីក្រសួងមហាផ្ទៃខ្មែរ នៅវត្តអង្គតាមិញ៖

ថ្ងៃសុក្រ ២ រោច ខែស្រាពណ៍ ឆ្នាំខាល ទោស័ក ព. ស.   ២៥៥៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១០ វេលា ប្រមាណ ០១:៣០ នាទី ខ្ញុំបាននិមន្តទៅសុំស្នាក់នៅក្នុងវត្តអង្គតាមិញ ឋិតនៅក្នុងខណ្ណដង្កោ  រាជធានីភ្នំពេញ ហើយបានការអនុញ្ញាត ពី ព្រះតេជព្រះគុណ យ៉ាន់ ថាត ជាព្រះចៅអធិការវត្ត ។  វេលាប្រមាណ ម៉ោង ០៩ យប់ថ្ងៃ ដដែល ព្រះចៅអធិការវត្តបាននិមន្តខ្ញុំឡើងទៅកុដិរបស់ ព្រះអង្គហើយបានស្នើឲ្យខ្ញុំនិមន្តចេញពីវត្ត ដោយ ព្រះអង្គបានអះអាងប្រាប់ខ្ញុំថា ក្រសួងមហាផ្ទៃខ្មែរ និងស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ និងនគរបាល យួនបានហៅទូរស័ព្ទមកព្រះអង្គថា ឲ្យដេញខ្ញុំចេញពីវត្ត ព្រោះខ្ញុំជាអ្នកសរសេរកាសែត «ព្រៃនគរ» និងបានគំរាម ព្រះចៅអធិការវត្តថា ប្រសិនបើព្រះអង្គឲ្យខ្ញុំស្នាក់នៅក្នុងវត្តនេះតទៅទៀត នឹងមានរឿងដល់ព្រះអង្គ ជាមិន  ខាន ។ ទទួលបានដំណឹងនេះ  ខ្ញុំក៏សុំព្រះចៅអធិការវត្តស្នាក់នៅមួយយប់សិន  ហើយសន្យាថា លុះពេលព្រឹកទើបខ្ញុំនិមន្ត ចេញពីវត្ត  ព្រោះពេលយប់ ខ្ញុំមិនដឹងថា នឹងទៅសុំកន្លែងណាស្នាក់នៅបាននោះទេ ។ ព្រះតេជព្រះគុណ យ៉ាន់ ថាត ក៏បានអនុញ្ញាតឲ្យខ្ញុំស្នាក់តាមសំណើ ។

ថ្ងៃសៅរ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំខាល ទោស័ក ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១០ វេលា ប្រមាណម៉ោង ០៧ ព្រះតេជព្រះគុណ យ៉ាន់ ថាត បានមកដល់កន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ខ្ញុំ ហើយ បានអនុញ្ញាតឲ្យខ្ញុំស្នាក់នៅបន្តវិញតាមការស្នើរបស់ក្រសួងមហាផ្ទៃ និងបានប្រាប់ខ្ញុំថា មន្ត្រីក្រសួងមហាផ្ទៃ នឹងមកជួបព្រះអង្គ ហើយឲ្យខ្ញុំនិមន្តឡើងជួបមន្ត្រីទាំងនោះផងដែរ ។ វាលាប្រមាណម៉ោង ០២ រសៀល ព្រះតេជ ព្រះគុណ យ៉ាន់ ថាត បាននិមន្តខ្ញុំឡើង កុដិព្រះអង្គដើម្បីណែនាំតាមការបញ្ជារបស់ក្រសួងមហាផ្ទៃ ។ ពេលចូល ទៅដល់កុដិព្រះចៅអធិការវត្ត  ខ្ញុំបានសង្កេតឃើញមានលោក គឹម វណ្ណ ឆេង ជំនួយការ លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃខ្មែរនៅទីនោះដែរ (មន្រ្តីម្នាក់មិនចាំឈ្មោះ) ។ ពេលបានជួបខ្ញុំ ព្រះតេជព្រះគុណ យ៉ាន់ ថាត បាន បញ្ជាក់ថា ក្រសួងមហាផ្ទៃបានស្នើឲ្យព្រះអង្គបង្ខំខ្ញុំធ្វើតាមលក្ខខណ្ឌរបស់គេចំនួន ៣ ខ ប្រសិនបើខ្ញុំចង់បន្ត នៅ វត្តអង្គតាមិញនេះទៀត ។

លក្ខខណ្ឌចំនួន ៣ ខ នោះរួមមាន៖

១. ត្រូវដកលិខិតឆ្លងដែន (Passort) និងឆាយាគណៈមហានិកាយរបស់ខ្ញុំប្រគល់ឲ្យក្រសួងមហាផ្ទៃ ។
២. ត្រូវឲ្យខ្ញុំចុះកិច្ចសន្យាឈប់ធ្វើកាសែត « ព្រៃនគរ»
៣. ត្រូវឆែកមើល USB របស់ខ្ញុំ ។

លក្ខខណ្ឌទាំង ៣ ខ នេះ ខ្ញុំមិនបានធ្វើតាមសំណើបស់គេឡើយ ហើយពួកគេបានទុកពេលឲ្យខ្ញុំពិចារណា ។

ថ្ងៃអាទិត្យ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ទោស័ក ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១០     ព្រះតេជព្រះគុណ យ៉ាន់ ថាត បានមកដល់កន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ខ្ញុំ ហើយដកយកលិខិតឆ្លងដែន (Passport) និងឆាយារបស់ខ្ញុំ ទៅឲ្យក្រសួងមហាផ្ទៃបានដូចបំណង  ព្រមទាំងបានសួររកលិខិតចុះកិច្ចសន្យា និង USB ពីខ្ញុំទៀតផង តែខ្ញុំមិនបានសរសេរ និងមិនមាន USB ជូននោះទេ ។ បានលិខិតឆ្លងដែន និងឆាយារបស់ខ្ញុំ ព្រះតេជព្រះគុណ យ៉ាន់ ថាត ក៏និមន្តចេញទៅ ហើយថា នឹងមកយកលិខិតចុះកិច្ចសន្យា និង USB ពេលក្រោយ ។

ព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១០ លោក គឹម វណ្ណ ឆេង ជំនួយការ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ទូរស័ព្ទមកខ្ញុំថា ក្រសួងមហាផ្ទៃឲ្យខ្ញុំសរសេរលិខិតចុះកិច្ចសន្យាឲ្យគេ ។ ក្នុងពេលនិយាយតាមរយៈ ទូរស័ព្ទនោះ លោក គឹម វណ្ណ ឆេង ថា ពេលខ្ញុំសរសេរហើយ គាត់នឹងមកយក ។

យប់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១០ វេលាប្រមាណម៉ោង ០៩ មានបុរសម្នាក់បានចូលមកកន្លែងដែលខ្ញុំស្នាក់ នៅបណ្តោះអាសន្នក្នុងវត្តអង្គតាមិញ ហើយបានគំរាមសម្លាប់ខ្ញុំដោយប្រើសម្ដីឌឺដងផ្សេងទាក់ទងនឹងរឿងដែលខ្ញុំ បានផ្ដល់ព័ត៌មាន ទៅវិទ្យុអាស៊ីសេរីអំពីករណី ព្រះតេជព្រះគុណ យ៉ាន់ ថាត ដកលិខិតឆ្លងដែន និងឆាយារបស់ខ្ញុំ ។

យប់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១០ បុរសដដែល និងបុរស ២ នាក់ផ្សេងទៀត (ស្លៀកតែខោលីអូ) ដៃជើង មានចងយន្ត បានមកកន្លែងខ្ញុំជាលើកទី ២ ហើយបាននិយាយរករឿង និងចេញកាយវិការហិង្សាដាក់ខ្ញុំនៅចំពោះ មុខព្រះសង្ឃដែលកំពុងមើលទូរទស្សន៍ជាច្រើនអង្គនៅទីនោះ ។ ឃើញស្ថានការណ៍មិនស្រួល ខ្ញុំក៏បានគេចចេញពី កន្លែងនោះជាបន្ទាន់ដើម្បីរកទីសុវត្ថិភាពសិន ។

ព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១០ ខ្ញុំបានសុំលិខិតឆ្លងដែន និងឆាយារបស់ខ្ញុំពី ព្រះតេជព្រះគុណ យ៉ាន់ ថាត ឡើងវិញ  ហើយទូលព្រះអង្គថា សូមនិមន្តចេញពីវត្តអង្គតាមិញ តែព្រះអង្គមិនបានផ្តល់ដល់ខ្ញុំឡើយ ។ ដោយ យល់ឃើញថា ប្រសិនបើខ្ញុំនៅតែបន្តរស់នៅក្នុងវត្តអង្គតាមិញតទៅទៀត គឺជាការប្រថុយស្លាប់ដោយសារស្នាដៃឃាតករខ្មែរគ្នាឯង ព្រោះខ្ញុំត្រូវបុរសមួយក្រុមតាមគម្រាបសម្លាប់ពីរលើករួចមកហើយ ។ ទីបំផុត ខ្ញុំក៏បានសម្រេច ចិត្តចេញពីវត្ត ហើយទៅសុំការអន្តរាគមន៍ពី ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្ស នៅទីក្រុងភ្នំពេញ ។ ខ្ញុំបានសុំស្នាក់នៅក្នុងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្ស អស់មួយថ្ងៃ  ហើយបានមន្ត្រីអង្គការនេះ នាំទៅស្នាក់នៅក្នុងផ្ទះមួយដើម្បីគេចខ្លួនសិន ។

នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១០ មន្ត្រីអង្គការ លីកាដូ និងមន្ត្រីការិយាល័យឧត្តមស្នងការ អង្គការសហប្រជា ជាតិទទួលសិទ្ធិមនុស្ស បានទៅចរចាជាមួយ ព្រះតេជព្រះព្រះគុណ យ៉ាន់ ថាត អំពីករណីរបស់ខ្ញុំ និងសុំឲ្យព្រះ   តេជព្រះគុណ សងលិខិតឆ្លងដែន និងឆាយាមកខ្ញុំវិញ ។ ព្រះអង្គក៏បានយល់ព្រមសងដល់ខ្ញុំវិញដែរ តែត្រូវខ្ញុំជា អ្នកទៅទទួលផ្ទាល់ទើបបាន ។ ថ្ងៃនេះដដែល មន្ត្រីអង្គការ លីកាដូ ក៏បានជូនខ្ញុំ ទៅវត្តអង្គតាមិញដើម្បីទទួល លិខិតឆ្លង និងឆាយា មកវិញ ដូចបំណង ។

ការបារម្ភពីសុវត្ថិភាពផ្ទាលខ្លួន៖

លោក គឹម វណ្ណ ឆេង ជំនួយការលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃខ្មែរ បានមានប្រសាសន៍ប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេសដែលបានចេញផ្សាយកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១០ អំពីមូលហេតុដែលពួក គេបាន ដកលិខិត ឆ្លងដែន និង ឆាយា របស់ខ្ញុំ ថា ដោយសារ ពួកគេបារម្ភពីសុវត្ថិភាព និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ព្រោះខ្ញុំ ជាអ្នកនិពន្ធកាសែតព្រៃនគរ និងពេលខ្លះ កាសែតរបស់ខ្ញុំប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលខ្មែរ ដែលដឹកនាំដោយលោក ហុន សែន ។ ហេតុនេះ ទើបជម្រុញឲ្យខ្ញុំប្រឈមនឹងបញ្ហា ។

លោក គឹម វណ្ណ ឆេង មានប្រសាសន៍យ៉ាងនេះ ៖

«ខ្ញុំមិនទាន់បានទទួលលិខិតចុះកិច្ចសន្យាលាលែងតំណែងរបស់លោកនៅឡើយ ទេ ។  យើងសំណូមពរឲ្យលោកចុះលាលែងពីតំណែង ពីព្រោះយើងបារម្ភ អំពីសុវត្ថិ ភាព និងកេរ្តិ៍របស់លោក ព្រោះទំព័រកាសែតរបស់លោក  ពេលខ្លះប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល ។ កត្តានេះហើយដែលជម្រុញឲ្យលោកប្រឈមនឹងបញ្ហា»[1]

ចាប់ពីថ្ងៃទី ០៤ ដល់ ០៧ ខែកញ្ញា ឆ្នាំ ២០១០ ក្រោយពីបានលិខិតឆ្លងដែននិងឆាយាមកវិញ ខ្ញុំបានសុំទិដ្ឋាការ ពីស្ថានទូតថៃនៅភ្នំពេញ ដើម្បីភៀសខ្លួនទៅប្រទេសថៃ ។ បន្ទាប់ពីបានទិដ្ឋាការ នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១០ ខ្ញុំបានឆ្លងដែន ចេញផុតពីប្រទេសកម្ពុជាទៅប្រទេសថៃដោយសុវត្ថិភាព ។

[1] http://www.phnompenhpost.com/index.php/2010090241721/National-news/editor-fears-possible-deportation.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s